ស្លាប់ម្នាក់ និងរងរបួសម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប

0

សៀមរាប៖ លោកវរៈសេនីយ៏ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហមមួយកន្លែង ស្ថិតក្នុងភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅវេលាម៉ោង១៨ និង ៣០នាទី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ ។

លោកអធិការ បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១A-៤១៨៩ បើកបរដោយឈ្មោះ ហួត ណាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូងទៅជើង បានមកបុកប៉ះជាមួយគោយន្តកន្ត្រៃដឹកអុសបើកបរដោយឈ្មោះ ជី ចាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ រួមដំណើរដោយឈ្មោះ សុខ ណា ជាប្រពន្ធ មានអាយុ ២៣ឆ្នាំ មានទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូង ។

ហើយក្រោយពេលកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ ដោយក្នុងករណីគ្រោះថ្នាក់នេះបានបណ្ដាលឱ្យស្លាប់ឈ្មោះ ហួត ណាក់ ជាអ្នកបើកបរម៉ូតូ រីឯឈ្មោះសុខណាជាអ្នករួមដំណើរជាមួយគោយន្តកន្ត្រៃបានរងរបួសស្រាល ។

ក្នុងហេតុការណ៍នេះដែរ បានបណ្តាឲ្យខូចខាតតម៉ូតូ និងគោយន្តកន្ត្រៃខូចខាតធ្ងន់ធ្ងរ ហើយមូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ក្រោយកើតហេតុកម្លាំងនគរបាលជំនាញស្រុក ក៏បានចុះទៅធ្វើការវាស់វែង និងធ្វើកំណត់ហេតុ រីឯវត្ថុតាងត្រូវបានយកមកអធិការស្រុកដើម្បីធ្វើការដោះស្រាយបន្តតាមនីតិវិធី ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ អ៊ុន ណារាជ្យ