ខេត្តកំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន៣ និងប្រជាពលរដ្ឋមួយគ្រួសារបន្ថែមទៀត ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ស្បៀងអាហារ ដល់គ្រួសារអតីតយុទ្ធជនពលី ខណៈពេលដែលកំពុងតែជួបការលំបាក ។
ដំណើរនៃការចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនពលី ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ទី១គឺលោកយាយ យ៉ន អាយុ ៧៤ឆ្នំា គ្រួសារអតីតយុទ្ធពលី ឈ្មោះ កង ជន និងទី២លោកស្រី សំ ហេងគា អាយុ៤៦ឆ្នំា គ្រួសារអតីតយុទ្ធពលី ឈ្មោះ សួង អេង គ្រួសារទាំង២នេះ មានជីវភាពទីទ័លក្រ សាងសង់លំនៅដ្ឋាន រស់នៅលើដីចំណីថ្នល់ បច្ចុប្បន្នប្រកបមុខរបរធ្វើជាកម្មករសំណង់ រស់នៅសង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ចំណែកទី៣ គឺជាគ្រួសារប្រជាពលរដ្ឋទីទ័លក្រ លោកយាយ ប្រាក់អុន អាយុ៧៥ឆ្នំា ប្រកបមុខរបរធ្វើ ជាកម្មករសំណង់ ក្នុងឱកាសនេះ ក្រុមការងារគណកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បាននាំយកនូវអំណោយ របស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនគាត់មានក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន៥០ គីឡូក្រាមមីយើង មួយកេស ទឹកត្រីទឹកស៊ីវអ៊ីវ២យួរ និងថវិកាមួយចំនួនផងដែរ ។
ដោយឡែកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមការងារ គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ទៅសួរសុខទុក្ខអតីតយុទ្ធជនពិការ ឈ្មោះនួន សេងនី អាយុ៦១ ឆ្នំា កន្លងមកធ្លាប់ ចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៨៧ អតីតអង្គភាព កងពលលេខ២ វិស្វកម្ម ឈរជើងនៅស្រុកបាធាយ ខេត្តកំពង់ចាម មានឋានន្តរសក្ដិ វរសនីយ៍ទោ បច្ចុប្បន្នរស់នៅភូមិគោកធ្លក សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អតីតយុទ្ធជនពិការ ឈ្មោះនួន សេងនី ក៏ទទួលបានការឧបត្ថម្ភ ពីគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួនមួយកេស ទឹកត្រីទឹក ស៊ីអ៊ីវ ២យួរ និងថវិកាមួយ ចំនួន ក្នុងឳកាសនេះដែរ ឧត្តមសេនយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការផ្តាំផ្ញើរដោយក្តីព្រួយបារម្ភណ៍ ពីជីវភាពរស់នៅ និងសុខភាព ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងបានផ្តាំផ្ញើរឲ្យបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ដែលយើងសព្វថ្ងៃនេះ ឲ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់តេជោសន្តិភាពនេះ។
ដោយ ប៊ុន រដ្ឋា





































