ខេត្តកំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារ៣ភូមិ (ភូមិបាជ័យ, ភូមិត្រពាំងត្របែក, ភូមិសណ្ដាន់) សរុប ចំនួន៣០នាក់ ដើម្បីឆ្លើយតបតាមសំណូមពររបស់អាជ្ញាធរភូមិឃុំ ដែលមានការខ្វះខាត និងសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ០៥គ្រួសារ និងជួយដោះស្រាយជីវភាពលំបាក់ខ្វះខាត នៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សំណូមពរ ឲ្យបងប្អូនចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីតួនាទីភារកិច្ចរបស់ប្រជាការពារ បម្រើប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនដោយស្មោះត្រង់ អនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមិនត្រូវគំរាមគំហែង ប្រជាពលរដ្ឋ និងពុំមានសិទ្ធិក្នុងចាប់ចង ឬចោទប្រកាន់កសាងសំណុំរឿងទៅតុលាការនោះទេ គ្រប់ការងារ ពាក់ព័ន្ឋនិងបទល្មើស ត្រូវសហការជាមួយកងកម្លាំងសមត្ថកិច្ច ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារផងដែរ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាមមីយើង ១កេសត្រីខ ១យួរ ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ និងថវិកាមួយចំនួនទៀតផង ក្នុងឳកាសនេះដែរ ក៏បានពាំនាំនិងការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចតេជោហ៊ុន សែន បានជូនពរ សូមឱ្យបងប្អនទាំងអស់ បានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិយើង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបម្រើជាតិ និងប្រជាជន នឹងបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពដូចសព្វថ្ងៃនេះ បន្ទាប់មក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួយឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋ ចូលរួមចំនួន ៧៥នាក់ ម្នាក់ថវិកា ៥,០០០រៀល ផងដែរ។
ដោយ ប៊ុន រដ្ឋា





































