កំពង់ធំ៖ បច្ចុប្បន្នជំងឺគ្រោះថ្នាក់ចរាចរណ៍ បានរាតត្បាតទូទាំងខេត្តក្រុង ដោយសារតែបញ្ហាមិនបានគោរព ច្បាប់ចរាចរណ៍ ជំងឺនេះបានបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិជាច្រើនមហាសាល មិនតែប៉ុណ្ណោះបានបន្សល់នូវការបាត់ចង់ជីវិត និងពិការភាពនៅក្នុងសង្គម ក្រោយពីបានធ្វើវិច្ឆ័យរបស់អង្គការមួយបានបញ្ជាក់ថា ក្នុងចំណោម មនុស្ស១០០នាក់ពុំបានចូលប័ណ្ណបើកបរដល់ទៅ៥០នាក់ ពុំបានចូលសាលាបើកបរ៣៥នាក់ ២៥នាក់ចេះដោយសារបង្រៀនតគ្នា។
លទ្ធផលទាំងនេះបានបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជានៅតែប្រឈមមុខយ៉ាងខ្លាំងចំពោះ អត្រាគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងរថយន្តសាំយ៉ុងដឹកគ្រឿងម៉ូតូដើរលក់ ព្រលះជាមួយម៉ូតូវេវ ស្លាប់១នាក់នៅនិងកន្លែង និង១នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកសន្ទុក-បារាយណ៏ ខេត្តកំពង់ធំ!។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥.១៥នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ រថយន្តម៉ាកសាំយ៉ុងពណ៌សរពាក់ផ្លាកលេខភ្នំពេញ 2L4334 បើកបរក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសទិសគ្នាពីកើតទៅលិច ជាមួយនិងម៉ូតូម៉ាកវេវ ពណ៌ខ្មៅគ្មានពាក់ផ្លាកលេខ លុះមកដល់ចំនុចកើតហេតុខាងលើស្ថិតក្នុងភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ក៏បានជ្រុលចង្កូត
ទៅបុកម៉ូតូម៉ាកវេវ ពណ៌ខ្មៅគ្មានពាក់ផ្លាកលេខ ពេញទំហឹងប៉ើងទាំងម៉ូតូទាំងមនុស្ស បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ប៉ាន់ មី ភេទប្រុសអាយុ៦៤ឆ្នាំ ត្រូវជាឪពុកស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកកូនប្រុស ឈ្មោះ មុំ ក្តិប អាយុ១០ឆ្នាំ រងរបួសធ្ងន់ បន្ទាប់ពីបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសន្ទក និងស្រុកបារាយណ៏ ដោយអាការៈធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិត តាមក្រោយឪពុក អ្នកទាំង២នាក់ឪពុកនិងកូនរស់នៅក្នុងភូមិបឹងតាអោង ឃុំចើងដើង ស្រុកបារាយណ៏ ។
ក្រោយពេលកើតហេតុនោះ ម្ចាស់រថយន្តក៏បានចុះរត់គេចខ្លួនបាត់ស្រមោល តែទោះជាម្ចាស់រថយន្តបានគេចខ្លួនក៍ហើយក្តី ក៏ត្រូវបានគេស្គាល់យ៉ាងណាស់ថាម្ចាស់រថយន្តបង្ករហេតុមានឈ្មោះ វិច្ឆិការ ភេទប្រុស រស់នៅក្រុងភ្នំពេញ មានមុខរបរបើករថយន្តដើរលក់គ្រឿង ម៉ូតូគ្រប់ក្រុង-ស្រុក ព្រោះនៅក្នុងរថយន្តមានគ្រឿងបន្លាស់ម៉ូតូគ្រប់ប្រភេទ ភស្តុតាងទាំងនេះ ជាតួនាទីរបស់សមត្ថកិច្ចអាចនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសបានឬទេ ។
បន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានប្រគល់សព្វជនរងគ្រោះ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏រងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឈានដល់ការស្លាប់បាត់បង់ជីវិតនេះ គឺបណ្តាលមកពីជនរងគ្រោះ២នាក់ឪកូន ពុំបានពាក់មួកសុវត្តិភាព បណ្តាលឲ្យបោកក្បាល ទៅនឹងថ្នល់ស្លាប់ភ្លាមៗ ។