មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណេះសំណាលជាមួយក្មួយៗ សិស្សនិស្សិត ចំនួន ២៧៦  នាក់ប្រលងចូលក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញសំណេះសំណាលជាមួយក្មួយៗ សិស្សនិស្សិត ចំនួន ២៧៦  នាក់  ដែល ដាក់ពាក្យប្រលងចូលក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ ។

ជារៀងរាល់ឆ្នាំក្មួយៗសិស្សនិស្សិតជាច្រើននាក់ តែងតែដាក់ពាក្យប្រលងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទជាច្រើនសន្ធឹកសន្ធាប់ ដើម្បីចូលរួមក្នុងវិស័យការពារជាតិបន្តវេនពី អ៉ុ ពូមីង ជំនាន់មុនជាក់ស្ដែងនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្មួយៗសិស្សនិស្សិតចំនួន ២៧៦នាក់ថ្មីទៀត ដែលរស់នៅក្នុងខេត្តកំពង់ធំ បានស្ម័គ្រចិត្តជាទំពាំងស្នងឬស្សីក្នុងការបន្តវេនក្នុងវិស័យការពារជាតិ បានដាក់ពាក្យប្រលងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ហើយត្រូវបានចូលរួមក្នុងពិធីសំណេះសំណាល និងចែកសាលាកបត្រឯកជន ដើម្បីត្រៀមទៅប្រឡងនៅមណ្ឌលយោធភូមិភាគទី ៤ ខេត្តសៀមរាប ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបតបត្តិការសឹករងកំពង់ធំ  យោធភូមិភាគទី៤   ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នេះជាលើកទី៦ហើយ ចាប់ពីឆ្នាំ២០១៤ មក ដែលឯកឧត្តមបានសំណេះសំណាលជាមួយក្មួយៗ សិស្សនិស្សិតដែលបានដាក់ពាក្យប្រលងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកមានក្មួយៗជាច្រើននាក់នៅខេត្តកំពង់ធំ បានប្រឡងជាប់ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ ដោយមួយចំនួនចេញទៅបម្រើការងារនៅតាមកងឯកភាពទូទាំងប្រទេស និងមានក្មួយៗមួយចំនួនទៀត កំពុងបន្តការ សិក្សានៅក្នុងនិងក្រៅប្រទេសផងដែរ។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលមានស្មារតីស្មោះស្ម័គ្រជាទំពាំងស្នងឬស្សី ដើម្បីចូលរួមក្នុងវិស័យការពារជាតិត្រៀមជំនួសឱ្យអ៉ុ ពូមីងយើងដែលនឹងត្រៀមចូលនិវត្តន៍នៅពេលខាងមុខ ក្នុងឱកាសនេះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកឡើងផងដែរអំពីផលវិបាក ក្នុង ការកើតឡើងនូវសង្រ្គាមសុីវិលនៅកម្ពុជាក្នុងបណ្តាទស្សវត្តន៍ កន្លង មក   និងការបញ្ចប់សង្គ្រាមដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ជាប្រវត្តិសាស្ត្រនៅកម្ពុជា យើង ដែល មិន ធ្លាប់ មាន ពីមុន មក  ។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរសូមឱ្យក្មួយៗទាំងអស់ រួមកគ្នាចូលរួមថែរក្សាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃ ដែលបានមកដោយលំបាកនេះ ឲ្យ នៅគង់វង់ជារៀងរហូត  ជាមួយនោះដែលក្មួយៗត្រូវត្រៀមលក្ខណសម្បត្តិគ្រប់យ៉ាងដេីម្បីទៅចូលរួមប្រឡងតាមវិញ្ញាសាដែលគណៈកម្មាធិការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស  ចំណែកអុំ ពូ មីង  ទាំងអស់ គ្នា   សូមជូនពរឱ្យក្មួយៗទាំងអស់បានប្រលងជាប់គ្រប់ៗគ្នា ដើម្បីក្លាយខ្លួនជាកងយោធពលខេមរភូមិនដ៏ឆ្នើម ក្នុងវិស័យការពារជាតិ សាសនា និងព្រះមហាក្សត្រ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយ ប៊ុន រដ្ឋា