ដោយសារភ្លើងប្រច័ណ្ឌបុរសម្នាក់បានយកសាងចាក់ត្រីកាប់ទៅលើបុរសម្នាក់ទៀតរងរបួសធ្ងន់

0

សៀមរាប៖  អធិការស្រុកក្រឡាញ់ បានឲ្យដឹងថា វេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកក្រឡាញ់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាប់ពាក់ពន្ធ័ករណីអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំនុចក្នុងភូមិតាំងយូរ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោកវរសេនីយ៏ឯក ជី បេងជន អធិការនគរបាលស្រុក បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ នាម ចែល ភេទ ប្រុស អាយុ៤៤ ឆ្នាំទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានយកសាងសំរាប់ចាក់ត្រីដែលមានផ្លែចំនួន១០ និងដងឈើប្រវែង១,៤ម៉ែត្រ កាប់មកលើជនរគ្រោះឈ្មោះ ម៉ន ធឿយ ភេទប្រុស អាយុ៦០ឆ្នាំ ចំនួន០៣ដង បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះ កំពុងឈរទំលាក់កណ្តាប់ស្រូវពីលើគោយន្តនៅនឹងផ្ទះក្នុងភូមិឃុំជាមួយគ្នា ។

បើតាមមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកសាងចាក់ត្រីកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយមូលហេតុព្រោះជនសង្ស័យមានចិត្តប្រច័ណ្ឌគិតថាជនរគ្រោះស្រឡាញ់ប្រពន្ធរបស់ខ្លួន ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនស្រុក ជនសង្ស័យត្រូវបានរៀបចំសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយជនសង្ស័យមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ចូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ៕

ដោយ៖ អ៊ុន ណារាជ្យ