អាជ្ញាធរជាតិអប្សរាបន្តរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

0

សៀមរាប ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។

ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅដឹកនាំការរៀបចំដោយផ្ទាល់ បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន បានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី។

ទាក់ទងនឹងការរៀបចំនេះដែរ តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត នៅដើមឆ្នាំ២០២០ខាងមុខនេះ ផងដែរ ដើម្បីឱ្យវាលស្មៅមានភាពបៃតងទាំងខួបប្រាំង និងខួបវស្សា៕