ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ៖ សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាដ៏ចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចិរភាព

0

កំពង់ចាម : វិស័យសុខាភិបាលត្រូវបានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ពីព្រោះរាជរដ្ឋាភិបាលបានចាត់ទុកថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាដ៏ចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចិរភាព។ នេះជា ការ ថ្លែង របស់លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុង ពិធី បិទ បញ្ចប់ គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយជំងឺ ភ្នែក ឡើងបាយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។

ថ្លែង ក្នុង ពិធី នោះដែរ លោក ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន លើក ឡើង ថា ជំងឺភ្នែកជាជំងឺមួយដែលត្រូវការសង្គ្រោះបន្ទាន់ ពីព្រោះយើងត្រូវធ្វើការគ្រប់ម៉ោងជាមួយនឹងភ្នែក ដូចនេះ ភ្នែកគឺជាសរីរាង្គមួយដ៏ចាំបាច់បំផុតត្រូវមានការថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ពីព្រោះសុខភាពភ្នែកវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ដោយឈរលើស្មារតី កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងកម្ពុជា និងចិន ក្នុងការពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាជនកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដែលត្រូវបានកកើតជាយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងឈានទៅសម្រេចបានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាលក្ខណៈយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌសន្តិសុខតំបន់ និងពិភពលោក។ មកទល់ពេលនេះ សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងជាដៃគូអភិវឌ្ឍសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋលើវិស័យនានាជាច្រើន រួមមានវិស័យពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី សិក្សាអប់រំ សុខាភិបាល ទេសចរណ៍ ទូរគមនាគមន៍ អាកាសចរណ៍ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
ជាមួយគ្នា នោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណចំពោះការចូលរួមរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជា ដែលលទ្ធផលទាំងអស់នេះរួមចំណែក ធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមានកំណើន ប្រមាណ ៧% ក្នុងមួយឆ្នាំ ជាង២០ឆ្នាំកន្លងមកនេះ និងការកាត់បន្ថយភាពក្រីក្រ បានធ្លាក់ចុះជាបន្តបន្ទាប់ រីឯផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ ក៏បានឡើងដល់១៦៧៩ដុល្លាអាមេរិក នៅឆ្នាំ២០១៩ ហើយនឹងហក់ឡើងរហូតដល់ ១៨១៦ ដុល្លាអាមេរិក ក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ទន្ទឹមនោះ រាជរដ្ឋាភិបាល ក៏នៅតែផ្តល់អាទិភាពខ្ពស់លើវិស័យ ៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលក្នុងនោះរួមទាំងវិស័យអប់រំ និងវិស័យសុខាភិបាល ផងដែរ។

លោក សាស្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ឲ្យដឹង ថា ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចុះប្រមូលអ្នកជំងឺ និងករណីសង្ស័យនៅតាមមូលដ្ឋាននៅទូទាំងខេត្តកំពង់ចាម ឱ្យមកទទួលសេវា ពិនិត្យ ព្យាបាល ជំងឺ ភ្នែក ឡើង បាយ នៅមន្ទីរពេទ្យខេត្ត ដែលបានផ្តល់ជូនម្តងក្នុងមួយខែរហូតមកដល់ពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តក្វាងស៊ីសហការជាមួយក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានផ្តល់ការពិនិត្យករណីសង្ស័យនិងអ្នកជំងឺមានបញ្ហាផ្នែកផ្សេងៗបានចំនួនជាង ១៣០០០ នាក់ ដែលក្នុងនោះបានទទួលការវះកាត់ ភ្នែក ឡើងបាយដោយឥតគិតថ្លៃ បានចំនួនជាង ៦០០០ នាក់ ផង ដែរ ៕