ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវបានប្រគេនស៊ីម៉ង់ ខ្សាច់ សាងសាលាពុទ្ធិកបឋមសិក្សាផ្តល់អំណោយអតីតយុទ្ធជននិងប្រជាពលរដ្ឋ ៤គ្រួសារ  

0

ខេត្តកំពង់ធំ៖ដើម្បីចូលរួមចំណែក ជាមួយវិស័យព្រះពុទ្ធសាសនា ក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីវត្តអារាមឲ្យមានការរីកចំរើនឯកឧត្តម  ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា រួមទាំងសហការី បាននាំយក ស៊ីម៉ង់និងខ្សាច់ ប្រគេនព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តវល្លិ៍យាវ  ដើម្បីកសាងសាលាពុទ្ធិកបឋមសិក្សា និងសំណេះ​សំណាលជាមួយគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ៤ គ្រួសារ ដែលកំពុងតែមានជីវភាពខ្វះខាត រស់នៅក្នុង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស៊ីម៉ង់ត៍២តោនកន្លះ និងខ្សាច់ពីររថយន្ត ទៅប្រគេនព្រះសង្ឃ នៅវត្តពោធិមានជ័យ ហៅវត្តវល្លិ៍យាវ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩  និងបានជួយ ឧបត្ថម្ភ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គលេខាធិការរងសមាគម អតីតយុទ្ធជនកម្ពុជា  ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទីទ័លក្រ៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្គរ៥០គ.ក មីយើងមួយកេស ទឹកស៊ីអ៊ីវទឹកត្រី២យួរ និងថវិកាមួយចំនួន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន រំលឹកថា សម័យប៉ុលពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ វត្តអារាម និងគ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបំផ្លាញចោល រីឯទំនៀមទម្លាប់ប្រពៃណីសាសនា ត្រូវបានលុបបំបាត់ចោល ព្រះសង្ឃនៅទូទាំងប្រទេស ត្រូវបានចាប់ផ្សឹក និងបង្ខំឲ្យធ្វើការជាទម្ងន់ និង យកទៅ សម្លាប់យ៉ាងឃោរឃៅរកទីបំផុតគ្មាន រីឯក្នុងសម័យសង្គ្រាមស៊ីវិលជាងពីរទស្សវត្តរ៍  នៅកម្ពុជាក៍បាន បន្សល់ទុកនូវភរិយាជាស្រ្តីមេម៉ាយ  អតីតយុទ្ធជន ជាជនពិការ  និងកុមារកំព្រាជាច្រើននាក់  ។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបានរំដោះទាំងស្រុងដោយសារកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសមមិត្ត ជា ស៊ីម សមមិត្ត ហេង សំរិន និងសមមិត្ត ហ៊ុន សែន ដែលបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបវាលពិឃាតដ៏ឃោរឃៅព្រៃផ្សៃនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអំពាវនាវដល់ពុទ្ធសាសនិកជនទាំងអស់ សូមមេត្តាជួយជាសម្ភារៈ ថវិកា ដល់ដំណើរការសាងសង់សាលាពុទ្ធិកបឋមសិក្សា នៅវត្តពោធិ៍មានជ័យនេះបន្តទៅទៀត ដែលបច្ចុប្បន្ននេះ អាគារមានទំហំ.៩ម៉ែត្រ x ២៤  ម៉ែត្រ  ទើបកសាងបាន៣០  ភាគរយប៉ុណ្ណោះ ហើយមានព្រះសង្ឃដែលកំពុងរៀនសូត្រនៅក្រោមដើមឈើ និងទី កន្លែងផ្សេងៗ នៅ ក្នុង វត្ត  ដែល មានចំនួន ជាង ៥០អង្គ។

ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ មានទឹកចិត្តរីករាយ ចំពោះកាយវិការប្រកបដោយមនុស្សធម៌ក្នុងវិស័យព្រះពុទ្ធសាសនា   របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា និង​ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំគៀងគររកសម្បុរសជនដើម្បីជួយកសាង សាលាពុទ្ធិកបឋមសិក្សា សម្រាប់ព្រះសង្ឃសិក្សារៀនសូត្រធម៌វិន័យ តាមព្រះពុទ្ធសាសនា។