បន្ទាយមានជ័យៈ លោក គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានធ្វើការកោះប្រជុំជាមួយ អាជ្ញាធរមានសមត្ថកិច្ចដែលប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងច្រកអន្តរជាតិ និងច្រករបៀងនានាអោយពង្រឹងស្មារតីប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលតែងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន កាលពីរសៀលថ្ងៃទី ១៤ កក្កដា ២០១៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ក្នុងជំនួបប្រជុំនេះផងដែរ លោកបានធ្វើការលើកសសើរចំពោះលទ្ធផលនិងស្មរតីទទួលលខុសត្រូវរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើបញ្ហាការបញ្ជូនពលករខ្មែរពីប្រទេសថៃ និងលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនខ្នាតធំចំនួន២ករណីកន្លងមក ក្នុងនោះលើកទី១បង្ក្រាបដោយកំលាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្នាំញៀនជាង១ម៉ឺន៧ពាន់គ្រាប់ និងទី២ដោយកំលាំងប៉ូលីសនៃស្នងការខេត្តបន្ទាយមានជ័យបានថ្នាំញៀនជាង១ម៉ឺន២ពាន់គ្រាប់ ។
ជាមួយនិងការលើកសសើរខាងលើលោកក៏បានធ្វើការក្រើនរំលឹកដល់អស់លោកដែលទទួលខុសត្រូវតាមតំបន់នានាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃអោយពង្រឹងស្មារតីប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចដោយផ្តោតសំខាន់ទៅលើបទល្មើសរត់ពន្ធហ្គាស ប្រេងឥន្ទៈ និងការប្រមូលពន្ធលើទំនិញគ្រប់ប្រភេទ ព្រោះពន្ធទាំងនេះហើយដែលទ្រទ្រង់នូវប្រាក់បៀវត្សន៍មន្ត្រីរាជការនានា។ ឆ្លើយតប និងការក្រើនរំលឹកខាងលើលោក ថោង សុខាំភូ ប្រធានសាខាគយខេត្តបន្ទាយមានជ័យបានអោយដឹងថា ចំពោះបញ្ហារត់ពន្ធហ្គាស និងប្រេងឥន្ទៈខាងលើគឺមាននាយកដ្ឋានមួយផ្សេងទៀតសម្រាប់ត្រួតពិនិត្យវាមិនពាក់ព័ន្ធជាមួយសមត្ថកិច្ចលោកឡើយ ។
ដោយឡែកចំពោះខេត្តបន្ទាយមានជ័យមានក្រុមហ៊ុន១បានធ្វើការសុំសិទ្ធប្រមូលទិញហ្គាស ពីគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ តែបន្ទាប់ពីទិញបានត្រូវទៅបង់ពន្ធនៅនាយកដ្ឋានរដ្ឋករ ។ តែបញ្ហាទំនិញផ្សេងៗ វិញមានការលំបាកដោយសារបច្ចុប្បន្នពេលដែលរថយន្តដឹកទំនិញពីប្រទេសថៃមកដល់ត្រូវបានក្រុមរទះតូចៗធ្វើការរំដោះចេញដោយគេចពីការបង់ពន្ធ ខុសពីមុនគ្រប់ទំនិញត្រូវបានរទះធំៗ ទទួលដឹកនិងមកធ្វើការបង់ពន្ធ ។ លោក ព្រីម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យក៏បានលើកឡើងដែរថា គ្រប់អចលនៈទ្រព្យ និងទំនិញនាំចូលទាំងអស់សុទ្ធតែជាប់ពន្ធ ជាពិសេសអោយតែធ្វើអាជីវកម្មគឺត្រូវតែបង់ពន្ធ ។
ដោយឡែកចំពោះទំនិញគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធអាករលើតំលៃបន្ថែមនៅសាខាគយត្រូវតែបង់សាជាថ្មីនៅសាខាពន្ធដាខេត្ត ។ រីឯផលវិបាករបស់លោកគឺការប្រមូលពន្ធពីអាជីវករលក់ដូតាមតូបក្នុងផ្សារដែលគ្រប់ពេលមន្ត្រីពន្ធដាចុះប្រមូលពន្ធពួកគាត់តែងតែស្រែកថា ពន្ធដាច្របាញ់ករពលរដ្ឋអោយអោយបង់ពន្ធ ដោយតំលៃពន្ធទាំងនោះត្រឹមតែ១ម៉ឺន ឬ២ម៉ឺនរៀលប៉ុណ្ណោះ ។ ប្រជាពលរដ្ឋសង្ឃឹមថា អភិបាលខេត្តបន្ទាយមានជ័យថ្មី នឹងចាត់ការបានលើទំនិញគេចពន្ធគ្រប់ប្រភេទដោយមិនទុកអោយមានការរត់ពន្ធធ្វើអោយបាត់ចំណូលចូលជាតិ មិនអោយដូចអាណត្តិអភិបាលខេត្តមុនៗ ដែលមានតែវិធានការតែគ្មានលទ្ធផល ៕