សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ទេ

0

សៀមរា៖ លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានសរសេរថា ម្ដាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេង ចាប់វាយកូនជាំពេញខ្លួនហើយ ។

ក្រោយមកម្ដាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើឲ្យពក ក្មេងស្រីនេះទើបតែមានអាយុ៣ឆ្នាំ តែម្ដាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះ នៅពេលដែលចាញ់បៀរម្ដងៗ រួចមក កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវរកអាសយដ្ឋានរបស់ស្ត្រីនោះចាប់ពីពេលរសៀលរហូតដល់ម៉ោងប្រមាណ១០និង៣០នាទីយប់ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែម្ចាស់ផ្ទះមិនបាននៅឡើយ ។

ខណៈពេលដែលម្ចាស់ផ្ទះមិននៅ ស្របពេលដែលវេលាយប់ផងនោះ សមត្ថកិច្ចបានផ្ដាំផ្ញើដល់អ្នកជិតខាង នៅពេលឃើញម្ចាស់ផ្ទះ សូមប្រាប់គាត់ឲ្យចូលខ្លួនស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅថ្ងៃទី១៩ ខែធ្នូ ជាកំណត់ ។

លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី មានប្រសាសន៍បន្ថែមថា លុះវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព្រឹកមិញនេះ ស្ត្រីដែលជាប់សង្ស័យថាបានវាយកូនស្រីខ្លួនឯង បានចូលមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ដែលស្ត្រីនោះមានឈ្មោះ ម៉ី រ៉ាវី អាយុ១៩ឆ្នាំ មានមុខរបរស៊ីឈ្នួលលាងចាន ហើយគាត់បានបញ្ជាក់ថា រូបគាត់មិនបានលេងបៀរចាញ់ រួចវាយធ្វើបាបកូនរបស់គាត់ដូចអ្វីដែលគេបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ រីឯមូលហេតុដែលធ្វើឲ្យគាត់ជ្រុលដៃវាយកូនរបស់គាត់ដោយដង្គៀបចាប់ភ្លើងនោះ គឺដោយសារតែខឹងនឹងកូនរបស់គាត់ គឺកូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ បានចាក់អង្ករលេងធ្វើឲ្យទទឹក ហើយនៅចំពោះមុខសមត្ថកិច្ច អ្នកស្រី ម៉ី រ៉ាវី បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើកូនរបស់ខ្លួនទៀតផង ។

ដោយ៖ អ៊ុន ណារាជ្យ
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប