បន្ទាយមានជ័យៈ យោធាកងពលធំលេខ២ដែលប្រដាប់ដោយកាំភ្លើងគ្រប់ដៃការពារគ្រឿងចក្រកាយប្រឡាយព័ន្ធយកដីព្រៃឈើសហគមន៍ភ្នំព្រះដោយមិនអោយអ្នកណាចូលប៉ះពាល់ខណៈពេលដែលមានការតវ៉ាហាមឃាត់ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរស្រុកឃុំ និងប្រជាសហគមន៍ប្រមាណជា៣០០នាក់កាលពីថ្ងៃទី១១ កក្កដា ២០១៤ កន្លងទៅនេះ បានផ្អាកឈប់ធ្វើសកម្មភាពនិងដកគ្រឿងចក្រត្រលប់ចូលបន្ទាយវិញមុនពេលខណៈកម្មការខេត្តចុះទៅពិនិត្យដល់ទីតាំងកាលពីព្រឹងថ្ងៃទី១៥ កក្កដា ២០១៤ ។
ខណៈកម្មការខេត្តដែលចុះទៅត្រួតពិនិត្យនេះរួមមានលោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ មេឃុំថ្មពួក មេឃុំគោកកឋិន មេឃុំភូមិថ្មី និងប្រធានសហគមន៍ព្រៃឈើភ្នំព្រះ និងសម្ថកិច្ចប៉ូលីសប៉េអឹម ដឹកនាំដោយលោក ចុង ផែត អភិបាលរងខេត្ត ។ ក្នុងពេលចុះទៅដល់ទីតាំងនៃព្រៃសហគមន៍ភ្នំព្រះ ដែលស្ថិតនៅក្នុងឃុំថ្មពួក ឃុំគោកកឋិន ឃុំភូមិថ្មី ស្រុកថ្មពូកខេត្តបន្ទាយមានជ័យ ឃើញថា ពុំមានមន្ត្រីយោធាណាម្នាក់ឬគ្រឿងចក្រណាមួយធ្វើសកម្មភាពកាយដីព័ន្ធយកព្រៃនោះទេ គឺមាននៅសល់តែប្រឡាយដែលកាយហើយ ចូលក្នុងព្រៃសហគមន៍ និងកាត់ដីសំការដំឡូងរបស់ប្រជាពលរដ្ឋ ។
លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋាបាលព្រៃឈើបានអោយដឹងថា សកម្មភាពកាយដីព័ន្ធយកព្រៃសហគមន៍ភ្នំព្រះពីសំណក់យោធាកងពលធំលេខ២ បានប៉ះពាល់ដល់ដីចំការដំឡូងរបស់ប្រជាពលរដ្ឋដែលនៅជាប់និងព្រៃសហគមន៍ តាំងមានប័ណ្ណកម្មសិទ្ធតាមបទបញ្ជា០១របស់រដ្ឋាភិបាលនិងគ្មានប័ណ្ណកម្មសិទ្ធប្រមាណជា១៣០ហិចតា និងបានព័ន្ធចូលដីព្រៃសគមន៍ថែមទៀត ។
លោកបន្តអោយដឹងទៀតថា ក្រុមនេះបានប៉ងធ្វើសកម្មភាពជាសារមកហើយតែត្រូវបានជំនាញរបស់លោកចុះឃាត់ និងចាប់ជាបន្តបន្ទាប់ រហូតដល់ស្ងាត់មួយរយៈស្រាប់តែ កាលពីដើមខែនេះបានធ្វើសកម្មភាពម្តងទៀត ដោយប្រើកំលាំងយោធាប្រដាប់ដោយកាំភ្លើងការពារគ្រឿងចក្រ និងគំរាមបាញ់ដល់ក្រុមប្រជាសហគមន៍ និងមន្ត្រីរាជការដែលបានចូលទៅរារាំង ។ ជាមួយនិងការចុះនេះផងដែរគណៈកម្មការខេត្ក៏បានចុះត្រួតពិនិត្យគ្រប់ទីកន្លែង ក៏ត្រូវបានខាងយោធា ដែលមានលោក ឈាន ឆន ជាមេបញ្ហាការកងពលធំអន្តរាគមន៍លេខ២ ក៏បានចុះមកដល់ជួបនិងក្រុមការងារ និងបានហាមឃាត់មិនអោយអ្នកសាព័ត៍មានថត និងផ្សាយព័ត៍មាននេះឡើយ ដោយលោក អះអាងថា អ្វីដែលលោកធ្វើគឺទៅតាមបទបញ្ជានិងទៅតាមចំណារបស់សម្តេចតេជោដូចគ្នា តែពុំឃើញមានឯកសារណាបង្ហាញនោះទេ គឺបានត្រឹមតែលឺការអះអាងរបស់លោកតែប៉ណ្ណោះ ។
ក្នុងពេលជួបគ្នាខាងលើនេះ លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារបានស្នើរដល់ខាងយោធាអោយផ្អាកសកម្មភាព និងដើម្បីពិនិត្យព្រំប្រទល់នៃព្រៃសហគមន៍ និងការប៉ះពាល់ទៅលើដីដំណាំដំឡូងរបស់ប្រជាពលរដ្ឋ និងបានអោយខាងរដ្ឋបាលព្រៃឈើធ្វើកំណត់ហេតុអោយមានច្បាស់នូវអ្វីដែលកើតឡើងដូចជា មានពាក្យថា ដីទាំងអស់ដែលស្ថិតនៅក្នុងរង្វង់ដែលយោធាបានហំព័ន្ធយកមានគេចាំទិញក្នុង១ហិចតា២ម៉ឺនបាត ហើយអ្នកទិញត្រូវតែចុះឈ្មោះថាជាទាហាន ។
គួរបញ្ចាក់ថា ដីព្រៃឈើនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យ និងក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យ ត្រូវបានយោធាដែលមានទីតាំងក្នុងមូលដ្ឋានខាងលើបានប្រើគ្រឿងចក្រស្រដៀងគ្នានេះកាយដីធ្វើជាព្រំកំណត់ទីតាំងដែលខ្លួនគ្រប់គ្រង រួចកាប់បំផ្លាញព្រៃឈើ យកដីលក់អោយពលរដ្ឋឬឈ្មួញរាប់រយហិចតា ដែលធ្វើតំបន់ព្រៃឈើក្លាយជាវាល ។