អភិបាលខេត្តព្រះវិហារបានគូសបញ្ជាក់ថាទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តគឺជាការចូលរួមចំណែកខ្ពស់នៅក្នុងការងារមនុស្សធម៌ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា

0

ព្រះវិហារ៖ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា ទិវាអន្តរ ជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងការងារមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ទិវានេះបានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ ពេលវេលា។
ប្រសាសន៍គូសបញ្ជាក់ខាងលើនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន «Volunteer For Inclusive Future» នាព្រឹកថ្ងៃព្រស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ លោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១២០នាក់។
ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការគូសបញ្ជាក់បន្ថែមថា៖ជាក់ស្តែងកាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នករងគ្រោះ និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
មានប្រសាសន៍ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមប្រធាន ក៏បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខថ្លែង អំណរអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលាកម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
ជាមួយគ្នានោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកា មួយចំនួន ជូនដល់មន្ត្រីប្រចាំការ អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមផងដែរ៕សួនលីណា