កំពត៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីដាំដើមឈើដើម្បីអបអរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ
អន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សា និងលោកជំទាវ ក៏ដូចជាវត្តមានថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ សិស្ស និស្សិត ប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា នៅពេលខាងមុខ រដ្ឋបាលខេត្តកំពតនឹងរៀបចំឱ្យមានសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ដើម្បីផ្តល់ឱកាសចំពោះគូស្រករដែលត្រូវរៀបអាពាហ៍ពិពាហ៍ដាំដើមឈើយ៉ាងហោចឱ្យបានពីរដើមទុកជាអនុស្សាវរីយ៍ និងប្រយោជន៍ទៅអនាគត។
ឆ្លើយតបចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាខាងលើ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់ប្រកបដោយគតិឧត្តុង្គឧត្តមបំណងប្រែក្លាយដែនដីឱ្យមានភាពបៃតងស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់។ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមសូមគាំទ្រនូវការបង្កើតសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍របស់រដ្ឋបាលខេត្ត។ ពិសេសថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតក្នុងការបង្កើតសមិទ្ធផលថ្មីគឺសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍នេះ។
សូមបញ្ជាក់ថា សម្រាប់ពិធីដាំដើមឈើអបអរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨នេះ គឺអ្នកចូលរួមបានដាំដើមរំដួលចំនួន១៦៧ដើម ហើយថ្នាក់ដឹកនាំបានដាំដើមគីនិន៦ដើម និងដើមនាងនួនចំនួន៦ដើម៕





































