ឈ្មួញជើងខ្លាំងហ៊ានយកគ្រឿងចក្រជីកយកអាចម៍ដីព្រៃលិចទឹក ទទួលទោសត្រឹមធ្វើកិច្ចសន្យា

0

សៀមរាប÷ឈ្មួញជើងខ្លាំងដែលហ៊ានយកគ្រឿងចក្រចូលទៅព្រៃលិចទឹកជីកយកអាចម៍ដីលក់ ទទួលទោសពីមន្ទីរជំនាញរ៉ែនិងថាមពលត្រឹមធ្វើកិច្ចសន្យា ក្រោមលេសស្តារប្រឡាយចាស់ និងស្តារស្រះចាស់។
កំណត់ហេតុរបស់មន្ទររ៉ែនិងថាមពលខេត្ត សៀម រាប បង្ហាញថា ម្ចាស់គ្រឿងចក្រឈ្មោះវ៉ាន់ ណារ៉ា ភេទប្រុសអាយុ៣៧ឆ្នាំ ត្រូវផ្អាកសកម្មភាពជីកអាចម៍ដី ហើយដកគ្រឿងចក្រចេញពីទីតាំងនោះ។ ចំណែកឈ្មោះសុខ លីន ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវផ្អាកសកម្មភាព ហើយដកគ្រឿងចក្រចេញពីទីតាំងដូចគ្នា។
ការដែលឈ្មួញមានអំណាចយកគ្រឿងចក្រទៅឈូសឆាយព្រៃលិចទឹក ហើយជីកយកអាចម៍ដីលក់នៅតំបន់ហាមឃាត់ (តំបន់៣ និង តំបន់២)ហើយបែជាទទួលទោសត្រឹមធ្វើកិច្ចសន្យាបែបនេះ បានធ្វើអោយសមត្ថកិច្ចដែលចូលរួមទប់ស្កាត់ ឃាត់គ្រឿងចក្រ សម្តែងការខកចិត្តយ៉ាងខ្លាំង។
សមត្ថកិច្ចមូលដ្ឋាន ដែលខំចេញមុខឃាត់គ្រឿង ចក្របានលើកឡើងថា ហួសចិត្តមិននឹកថា គេហៅទៅគឺគ្រាន់តែសម្រាប់អោយឡើងបេះចឹងសោះ។
ចំណែកពលរដ្ឋដែលឃើញហេតុការ ក៍បានលើកឡើងថា អ្នកណាក៍ហ៊ានដែរ ល្បែងដែលលេងហើយមានតែស្មើនិងឈ្នះ មិនចាញ់ចឹងនោះ។ចឹងហើយបានជាពីមួយឆ្នាំ ទៅមួយឆ្នាំព្រៃលិចទឹកចេះតែរលាយ ដល់ពេលដឹងសុទ្ធតែកម្មសិទ្ធិរបស់អ្នកធំនិងឧកញ៉ា។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ខែធ្នូនេះ សមត្ថកិច្ចចម្រុះ ដែលរួមមាន ប៉ូលិសមូលដ្ឋាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្វ មន្ទីរបរិស្ថាន ជលផល បានចុះទៅឃាត់ឡានដឹកដី និងគ្រឿងចក្រ ដែលកំពុងជីកកាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវក្រុងសៀមរាប ក្រោយផ្អាកជាច្រើនម៉ោងនោះដើម្បីរងមន្ទីររ៉ែនិងថាមពល ចាត់វិធានការតាមផ្លូវច្បាប់តែគួរឲ្យស្ដាយការរំពឹងទុករបស់សមត្ថកិច្ចផ្សេងៗមិនដូចការគ្រោងទុកបានត្រឹមតែអប់រំណែនាំហើយឱ្យក្រុមឈ្មួញទាំងពីរដកគ្រឿងចក្រចេញពីទីតាំងនោះទៅវិញ។
គ្រឿងចក្រដែលសមត្ថកិច្ចចុះទៅឃាត់នេះ រួមមានឡានដឹកដី៤គ្រឿង អេស្កាវាទ័រ ២គ្រឿងនិងឡានសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿង។ ប៉ុន្តែនៅរសៀលថ្ងៃដដែល ក៍បានដោះលែងទៅវិញអស់៕