សៀមរាប៖ ប៉ូលិសខេត្តសៀមរាបបានធ្វើការអះអាងថាកម្លាំងរបស់លោកបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានចាប់ក្មេងស្រីអាយុ១១ឆ្នាំរំលោភរហូតបានសម្រេចខណៈពេលដែលក្មេងស្រីនោះទៅឃ្វាលក្របីនៅក្នុងព្រៃជុំគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៤ស្ថិតនៅចំណុចក្នុងព្រៃត្រពាំងថ្មភូមិបឹងឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
នាយរងស្តីទីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបលោកវរៈសេនីយត្រីនុលរ៉ុងបានប្រាប់អ្នកកាសែតថាយោងតាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះឈ្មោះឡមតុលអាយុ៤៥ឆ្នាំរស់នៅភូមិកើតហេតុខាងលើបានប្រាប់សមត្ថកិច្ចឱ្យដឹងថានៅល្ងាចនោះកូនស្រីរបស់គាត់មកពីឃ្វាលក្របីវិញបានប្រាប់ម្តាយថាឈ្មោះវ៉ិតបានចាប់រំលោភខ្ញុំរួចក៏ដើរទៅបាត់។
បន្ទាប់ពីកូនប្រាប់ពីអង្គហេតុដូច្នេះគាត់ក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍ ឬស្សីលក ឱ្យ ជួយរកយុត្តិធម៌ជូនគាត់ផង។ លោក នុល រ៉ុង បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះវឿនវ៉ិតអាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើត្រូវបានកម្លាំងអធិការនគរបាលស្រុកជីក្រែងចុះទៅធ្វើការឃាត់ខ្លួនជាក់ស្តែងក្នុងផ្ទះជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី១៤ខែកក្កដារួចកសាងសំណុំរឿងមកការរិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តដើម្បីចាត់ការបន្ត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យនេះទៅតុលាការនៅព្រឹកថ្ងៃទី១៥ខែកក្កដាដើម្បីចាត់ការតាមផ្លូវច្បាប់។រីឯជនរងគ្រោះឈ្មោះត.អត្រូវបានម្តាយយកមកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរទាំងយប់ថ្ងៃទី១៣នោះ។