កិច្ចប្រជុំពិភាគក្សាជម្រុញការងារជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតនៅប្រទេសកម្ពុជាសម័យសង្គ្រាម

0

ខេត្តកំពង់ធំ៖  ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតសម័យសង្រ្គាមក្នុងខេត្តកំពង់ធំ និងពិភាក្សាការងារជម្រុញឲ្យ ក្រុមហ៊ុនមួយចំនួនដែលកំពុងតែវិនិយោគក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់កិច្ចសហការជាមួយកម្លាំងបច្ចេកទេស K72 ខេត្តប៊ិញភឿក (វៀតណាម) ពិធីនេះ បានធ្វើឡើង នៅរសៀល ទី ២២ខែធ្នូ  ឆ្នាំ២០១៩  នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

កិច្ចប្រជុំពិភាគក្សា ដែលមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក វូ ទៀនឌៀន  អនុប្រធានអចិន្ដ្រៃយ៍គណកម្មាធិការជំនាញ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តប៊ិញភឿក រួមទាំងគណៈប្រតិភូអមដំណើរ កិច្ចប្រជុំនេះ គឺបានផ្តោតលើ ការងារស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនៅសេសសល់នៅក្នុង បរិវេណដីក្រុមហ៊ុនចំការកៅស៊ូ  ដោយក្នុងសម័យសង្គ្រាម កងទ័ពវៀតណាម បាធ្វើជាកន្លែងជម្រកស្នាក់នៅ  ដើម្បីការសហការ ជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត  ដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជា ។

ក្នុងនោះរដ្ឋបាលខេត្តកំពង់ធំ ក៏បានសេចក្តីជូនដំណឹង ជម្រាបជូនលោក លោកស្រី ប្រធានក្រុមហ៊ុនដែលកំពុងតែវិនិយោគនៅក្នុងខេត្តកំពង់ធំ ស្តីពីការសុំផ្តល់កិច្ចសហការជាមួយកម្លាំងបច្ចេកទេស K72 ខេត្តប៊ិញភឿក (វៀតណាម) ដើម្បីធ្វើការស្វែងជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅតាមក្រុមហ៊ុនវិនិយោគនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងដើម្បីបង្កលក្ខណៈឲ្យបានល្អប្រសើរក្នុងការស្វែងជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជាសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទៅកាន់ប្រទេសកំណើតវិញ ។

 

លោកវូ  ទៀនឌៀន  បានជម្រាបជូនបណ្ដាក្រុមហ៊ុននានាថា បើមានការខូចខាតក្នុងការជីករុករកអដ្ឋិធាតុ នៅក្នុងតំបន់ក្រុមហ៊ុន រដ្ឋាភិបាលវៀតណាមមានគោលនយោបាយសងការខូចខាតដោយសមស្រប គឺធ្វើយ៉ាងម៉េចឲ្យតែបណ្តាក្រុមហ៊ុន ផ្តល់កិច្ចសហការ ក្រុមការងារបច្ចេកទេស k72ជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម និងបានអគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងកងកម្លាំង ប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការបានល្អផងដែរ  ។

ឯកឧត្ដម សុខ  ហៃ  អភិបាលរងខេត្តកំពង់ធំ  និងជាប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ បានបញ្ជាក់ថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានជីករុកយកមកបានក្នុងរយៈពេលជាង១៦ឆ្នាំ កន្លងមកនេះ បានចំនួន១,១២៥  អដ្ឋិធាតុរួចហើយ   សម្រាប់ខេត្តកំពង់ធំខេត្ត កំពង់ ធំ  នេះគឺជាការបង្ហាញនូវ ការខិតខំយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម  k72   ដែលបានបំពេញ ភារកិច្ចប្រកបដោយជោគជ័យនិងទទួលបានលទ្ធផលល្អប្រសើរ   និងបានសំណូមពរដល់បណ្តាក្រុមហ៊ុន ជួយបង្ករលក្ខណងាយស្រួល ។ដោយ ប៊ុន រដ្ឋា