កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យគ្រប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសយន្តការ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ បន្តការខិតខំបន្ថែមទៀត ដើម្បីរួមគ្នាលុបបំបាត់ឲ្យបាននូវ
អំពើល្មើសច្បាប់ ដោយពង្រឹងកិច្ចសហការរវាងសមាជិកក្នុងក្រុមការងារ ជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ និងដៃគូរពាក់ព័ន្ធដទៃទៀត បង្កើតសារឯកសារអប់រំ និងវិធីសាស្ត្រថ្មីៗ សម្រាប់អប់រំយុវវ័យអំពីជម្រើសត្រឹមត្រូវដើម្បីអនាគត ព្រមទាំងផ្តល់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធអំពើជួញដូរមនុស្សដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ តាមមុខសញ្ញារបស់ស្ថាប័នរៀងៗខ្លួន ជាមួយនឹងការបង្កើតសម្ភារៈអប់រំផ្សព្វផ្សាយ រៀបចំយុទ្ធនាការតាមគ្រប់រូបភាពក្នុងកម្មវិធីសិក្សា វេទិការសាធារណៈតាមសហគមន៍ និងតាមបណ្តាញផ្សព្វផ្សាយនានា ផងដែរ ។ ការលើកឡើងរបស់លោកអភិបាលខេត្តបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតិក្នុងពិធីប្រារព្ធ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅស្រុកចំការលើខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។
លោកបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស ។
ទាំងនេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន និងកំពុងតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឲ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់ បទដ្ឋានគត៌យតិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាលនៃបទល្មើសដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ ។ ដូច្នេះ សូមឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល គ្រប់និកាយសាសនា និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នា «រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស » ៕





































