សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនបរទេសម្នាក់ ដែលជនបរទេសនេះបានបង្កហឹង្សាដោយចេតនា លើបុរសអ្នករត់រ៉ឺម៉កម៉ូតូកង់បីក្នុងក្រុងសៀមរាប កាលពីវេលាម៉ោងប្រហែល១៥ និង១៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទះសំណាក់អង្គរយើងII ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនបរទេសខាងលើមានឈ្មោះ BAYERJAKE NICHOLAS ភេទប្រុស កើតថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៨ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខPA៥១៥៤៧១៩ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ញ៉ិល សុភត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី ចំនួន ០១ដៃត្រូវចំក្រោមភ្នែកខាងស្តាំ បណ្តាលឲ្យហើមប៉ោងហើយត្រូវបានសមត្ថកិច្ចយើងជួយអន្តរាគមន៍ និងនាំមកសាកសួរនៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ។
តាមការសាកសួរបំភ្លឺពីសមត្ថកិច្ចជនរងគ្រោះ និងសាក្សីបានឲ្យដឹងថា ជនបរទេសរូបនេះតែងតែធ្វើសកម្មភាពវាយទៅលើប្រពន្ធជាជនជាតិខ្មែរជាញឹកញាប់ និងមានអាក្ការៈដូចជាមនុស្សមានបញ្ហាសតិដែលពេលខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន ។ បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ អ៊ុន ណារាជ្យ




































