សៀមរាប: ដេីម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តសប្បាយរីករាយ ក្នុងឱកាសឆ្លងឆ្នាកល២០១៩-២០២០ ។
ទីតាំងគោលដៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំនៅសួនច្បារមុខព្រះរាជដំណាក់ និងបើកភ្លើងទាំងអស់ចាប់ពីថ្ងៃទី២៥ធ្នូឆ្នាំ២០១៩នេះរហូតដល់ចប់ពិធីឆ្លងឆ្នាំ ក្នុងពិធីនេះក៏មានការប្រគុំតន្ត្រី និងតាំងពិព័ណ៌ផលិតផលមកពីបណ្តាក្រុងស្រុកទាំង១២ក្នុងខេត្ត និងក្រុមហ៊ុនមួយចំនួនចូលរួមផងដែរ។
ដោយឡែកនៅតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារចាស់ ផ្សាររាត្រី ផប់ស្ទ្រីត និងគ្រឹះស្ថានឯកជនមួយចំនួន ក៏បានរៀបចំតុបតែង លម្អសោភ័ណភាព ដោយមានដាក់តាំង/តុបតែងភ្លើងពណ៌បំភ្លឺ និងមានតុបតែងជារូបភាព តាមរចនាបទនាសម័យបុរាណខ្លះ សម័យទំនើបខ្លះ និងតាមបែបខាងបច្ចឹមប្រទេសខ្លះផងដែរ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ក្នុងឱកាសនេះ រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បាននិងកំពុងបន្តការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួន ដូចជាតាមដងផ្លូវ តាមបណ្ដោយមាត់ស្ទឹងសៀបរាប តាមសួនច្បារ និងទីប្រជុំជនមួយចំនួនទៀត នៃក្រុងសៀមរាប។
យោងតាមមន្ត្រីសាលាខេត្ត បានឲ្យដឹងថា ការរៀបចំតុបតែង និងលម្អនូវសោភ័ណភាពទាំងនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទស្សានា កម្សាន្តសប្បាយ នៅក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋាន បេតិកភ័ណ្ឌ សៀមរាប-អង្គរ បានកាន់តែច្រើនបន្ថែមទៀត។
ខាងរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមចូលរួមទស្សនា និងចូលរួមរាប់ថយក្រោយ (Countdown) ឆ្លងឆ្នាំទាំងអស់គ្នា នៅខេត្តសៀមរាប នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប៕






































