មន្ត្រីក្នុងមុខតំណែងគ្រប់គ្រងតាមការិយាល័យ/អង្គភាពនានានៅតាមរដ្ឋបាលក្រុង/ស្រុក នឹងត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក

0

ខេត្ដព្រះសីហនុ៖កំណែទំរង់វិមជ្ឈការ និងសហវិមជ្ឈការ គឺជាអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ។
ថ្ងៃអង្គារថ្ងៃទី ២៤ ខែធ្នូ គ.ស ២០១៩ ក្រុមប្រឹក្សាខេត្ដ រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុង ស្រុក រួមទាំងមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធក្នុងខេត្ដ បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងការផ្ទេរមុខងារក្នុងវិស័យ សុខាភិបាល ព្រមទាំងកិច្ចដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក និង ការិយាល័យជំនាញនានា នៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ដើម្បីរៀបចំធ្វើសមាហរណកម្ម បុគ្គលិក ក្នុងមុខតំណែងគ្រប់គ្រង តាមការិយាល័យ និងអង្គភាពនានា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក នៃរដ្ឋបាល ខេត្ដព្រះសីហនុ។
ការធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុង បម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញ នានានៅថ្នាក់ក្រុង ស្រុក ខណ្ឌទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ដើម្បីធានាប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសម​ធ​ម៌ អត្ថប្រយោជន៍ នានារបស់បុគ្គលិក និរន្តរភាពការងារ និងការផ្តល់សេវានានា ការធ្វើសមាហរណកម្មស្របតាមជំនាញរបស់បុគ្គលិក។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុ មានប្រសាសន៍ថា ដើម្បីគាំទ្រដល់ដំណើរការធ្វើសមាហរណកម្មបុគ្គលិក កិច្ចការពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ត្រូវរៀបចំប្រមូលចងក្រងបញ្ជី សំណុំឯកសារពាក់ព័ន្ធនឹងបុគ្គលិកបច្ចុប្បន្ន ដើម្បីផ្ទេរបញ្ជីសំណុំឯកសារទាំងនោះទៅឱ្យ​ការិយាល័យ​ទទួលបន្ទុក​គ្រប់​គ្រង​បុគ្គលិក ​។
រៀបចំទីកន្លែងបំពេញការងាររបស់បុគ្គលិកតាមការិយាល័យ ឬអង្គភាពនីមួយៗ​ឱ្យបាន​សម​ស្របតាមគោលការណ៍នៃការធ្វើសមាហណកម្ម និងស្ថានភាពជាក់ស្តែងនៃក្រុង ស្រុក ខណ្ឌ​​នីមួយៗ។
រដ្ឋបាលរខេត្ត ត្រូវសម្របសម្រួល និងគាំទ្រដល់ការផ្ទេរបុគ្គលិកជាក់ស្តែងទៅឱ្យ​ការិយា​ល័​​យ និងអង្គភាពនានា ដែលត្រូវធ្វើ​សមាហរណ​កម្ម​ទៅក្នុង​រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ​។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ គឺជាការកែទម្រង់តាម បែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរយៈពេលវែង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងនោះរាជរដ្ឋាភិបាល បានចាត់ទុកថា វាកំណែទម្រង់ស្នួលមួយក្នុងចំណោមកំណែ ទម្រង់ស្នូលនានា។
១.កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ
២. កំណែទម្រង់ការគ្រប់គ្ររដ្ឋបាលសាធារណៈ
៣.កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៤.កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។

ដើម្បីសម្រេចគោលបំណងនេះ ចំណុចសំខាន់ៗមួយចំនួន បានកំពុងយកចិត្តទុកដាក់៖១.ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.ការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។៣.ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ៥.ការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

គួររំឭកផងដែរថា អនុក្រឹត្យលេខ ១៨៣ អនក្រ.បក មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និងសមធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតការធ្វើ សេចក្ដីសម្រេចចិត្ដ និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងសេវាសុខាភិបាលឱ្យទៅកៀកជិតប្រជាពលរដ្ឋ។ រីឯអនុក្រឹត្យ លេខ ១៨៤ អនក្រ.បក មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រោមជាតិ៕