សៀមរាប ៖ សំរាមមានផលប៉ះពាល់ខ្លាំង ដល់ការរស់នៅរបស់មនុស្សគ្រប់រូប ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា យើងមិនអាចធ្វើរម្នាក់ឯងបាននោះទេ ហើយសំរាមក៏គ្មានអ្នកណាម្នាក់ចង់នៅជិតនោះដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចោលសំរាមក្នុងធុងសំរាម សម្អាតបរិស្ថាន នៅតាមភូមិឋាន និងចូលរួមកាត់បន្ថយ
ការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីធ្វើរអោយតំបន់បងប្អូនរស់នៅ មានបរិស្ថានល្អ ចូលរួមសម្អាតសំរាមពីបងប្អូនទាំងអស់គ្នា ។
បោះបង់ចោលនូវទំលាប់ ចោលសំរាមពាសវាលពាសកាល ចង់អោយភូមិឋានមួយស្អាត ឬទីក្រុងមួយ ស្អាត គឺជា បំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ត្រូវការចូលរួមពីមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងសង្គម ប្រកបដោយការយល់ដឹង និង មានបេះដូងស្រលាញ់បរិស្ថានសូមបងប្អូនចូលរួមចោលសំរាមក្នុងធុងសំរាម និងសម្អាតបរិស្ថានទាំអស់គ្នា ។ ទាំងនេះជាការលើកឡើង របស់កញ្ញា ទៀ ឡាលីន កូនស្រី លោកឧញ្ញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិកម្ម ខេត្តសៀមរាបនិងឧត្តមានជ័យ នាឱកាស ជូបជុំបុគ្គលិកក្រុមហ៊ុន ទិត ហ៊ុន លក់គ្រឿងសំណង់ នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។
សូមរំលឹកផងដែរថា ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងខេត្តសៀមរាបមិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមានឡើងដូចជាមិនទាន់មានប្រសិទ្ធភាពនៅឡើយ ។
ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកង្វះការយល់ដឹងជាទូទៅគេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈ ណាមួយដូចជា ការប្រគំតន្ត្រីកម្មវិធីកម្សាន្តនានា ។ ឥរិយាបថនៃការចោលសំរាមរបស់ពលរដ្ឋអាចមានការផ្លាស់ប្ដូរជាវិជ្ជមានបានលុះត្រាតែប្រជាពលរដ្ឋទាំងអស់មានទម្លាប់ ចោលសំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ហើយទម្លាប់នោះ គួរផ្ដើមចេញពីការទុកដាក់សំរាមឲ្យត្រឹមត្រូវនៅក្នុងក្រុមគ្រួសារ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្ដីពី «ការ គ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលកំណត់ឲ្យមានការផាកពិន័យជាប្រាក់ចាប់ ពី១ ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ ។
ក្នុងនោះដែរសម្រាប់បច្ចប្បន្នអជ្ញាធរខេត្តសៀមរាប បានដាក់ពង្រាយធុងសំរាម ជាច្រើនកន្លែង ដោយសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចោលសំរាមចូលក្នុងធុងសំរាម ៕
ដោយ៖ អ៊ុន ណារាជ្យ




































