កំពង់ធំៈ ឯកឧត្តម ឧត្តមសេយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងសហការី ចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៣៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនអតីតយុទ្ធជនពិការ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១៩ ។
អតីតយុទ្ធជនពិការខេត្តកំពង់ធំ មិនថានៅទីជិតឬទីឆ្ងាយនោះទេ គឺសុទ្ធតែត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មិនតែប៉ុណ្ណោះក្រុមគ្រួសារអតីតយុទ្ធជន ទទួលបាននូវភាពកក់ក្តៅ ក្នុងការមើលថែទាំងផ្លូវចិត្តនិងផ្លូវកាយ រួមទាំងការលើក ទឹកចិត្ត ឲ្យស័ក្កសមនិងគុណបំណាច់ដែលអតីតយុទ្ធជន បានលះបង់និងតស៊ូពុះពារដើម្បីប្រទេសជាតិកន្លងមក។
ឧត្តមសេយ៍ទោ សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ខ្នងផ្ទះទី១៣៨ គឺទទួលបានតាមរយះ ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន ផ្តល់ជូន លោកអនុសេនីយ៍ឯក ពុធ សុភា អាយុ៤៧ ឆ្នំា ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៥ នៅ អង្គភាពវរសេនាតូចលេខ៣០ ក្រោយមកផ្លាស់ប្ដូរភារកិច្ច ជាប្រធាននយោបាយកងស៊ើបការណ៍ពិសេស នៃ យោធាខេត្តកំពង់ធំ ហើយត្រូវបានថ្នាក់លើ ឲ្យចូលជាយោធិនពិការ ជាអតីតយុទ្ធជននៅ១៩៩៩ ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មី ដែលមានទំហំ៤ម៉ែត្រx ៦ម៉ែត្រ សាងសង់ពីបេតុង ឆ្អឹងដែកជញ្ជាំងនិងដំបូលប្រក់ ស័ង្កសីកិនភ្លី រនាបក្រាលក្តារ សាងសង់ខ្ពង់ផុតពីដី ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធ ជន កម្ពុជា ខេត្តកំពង់ធំ បានពាំនាំនូវជំនួយឧបត្ថម្ភ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គ លេខាធិការ រងសមាគមអតីតយុទ្ធជនកម្ពុជា ទៅ ផ្តល់ជូនបន្ថែមទៀតមានអង្ករ៥០គីឡូ ក្រាម មីយើង មួយកេស ទឹកត្រីទឹកស៊ីអ៊ីវទឹកត្រី ២យួរនិងថវិកា ២០០,០០០ រៀលផងដែរ ។
ឧត្តមសេយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកលើជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព បរិភោគអាហារមានអនាម័យ និងការពារបង្កាកុំឲ្យមានអគ្គីភ័យកើតឡើង មុនចាកចេញពី ផ្ទះត្រូវពន្លត់ភ្លើងជើងក្រាន្តធូបទៀត និងដក់ឌុយខ្សែភ្លើងចេញ ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានអគ្គីភ័យកើតឡើង ។
ដោយ ប៊ុន រដ្ឋា





































