សៀមរាប៖ បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានករណីផ្ទុះគ្រាប់មួយករណី លើផ្លូវលំ ចន្លោះពីផ្លូវចាស់ពីឃុំត្រីញ័រ ទៅឃុំក្តីរុន ត្រង់ចំណុចចំងាយ៣០០០ម៉ែត្រ ពីភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុមានរថយន្តម៉ាកថៃល័រ ជាប្រភេទដឹករថយន្តអែស្កាកាយដី ព៌ណស ពាក់ផ្លាកលេខ ក០១១៨ ភព៣ មានដឹកអែស្កាកាយដី បើកបរដោយឈ្មោះ អុត ទក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជីកដី និងដឹកដីលក់ នៅភូមិបេង ឃុំ ដូនប៉េង ស្រុកអង្គរជុំ ខេត្តសៀមរាបដែលជាម្ចាស់រថយន្ត និងម្ចាស់អេស្កា រួមដំណើរមានឈ្មោះ អូន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ពីឃុំក្តីរុន ទៅឃុំត្រីញ័រ លុះដល់កន្លែងកើតហេតុ បានផ្ទុះគ្រាប់នៅកង់ក្រោយខាងឆ្វេងនៃរថយន្ត ។
ក្នុងករណីនេះដែរ បានបណ្ដាលឲ្យខូចអេស្កាមធម្យម ខូចរថយន្តដឹកមធ្យម ប៉ុន្តែមិនបានណ្តាលឲ្យរបួសមនុស្សទេ ។ ក្រោយពេលកើតហេតុកំលាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលកំពុងចុះធ្វើការស្រាវជ្រាវនៅ កន្លែងកើតហេតុបន្ត ។ តាមការពិនិត្យនិងសន្ធិដ្ឋានរបស់កម្លាំងសមត្ថកិច្ច គ្រាប់ដែលផ្ទុះនេះសង្ស័យជាមីនតោនដែលនៅសេសសល់ពីសម័យសង្រ្គាមដែលអតីតពួកខ្មែរក្រហមធ្លាប់ឆ្លងកាត់ និងលាក់ខ្លួននៅម្តុំនោះបានដាក់បង្កប់ ៕

ដោយ៖ អ៊ុន ណារាជ្យ




































