កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ១២នាក់ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល អមដំណើរដោយ សហការីនិងអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃប្រស់ ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែង របស់ប្រជាការពារ ដែលមានឆន្ទះ ស្រឡាញ់សន្តិសុខសុវត្តិភាព និងការរស់នៅប្រកបដោយសេចក្តីសុខ របស់ប្រជាពលរដ្ឋ ដោយបានលះបង់កំលាំងចិត្តកាយ ដើម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ទាំង៩ចំនុច បើទោះបីជាគ្មានប្រាក់ឧបត្ថម្ភក្តី ក៏ប្រជាការពារនៅតែ ធ្វើការងារសន្តិសុខបំម្រើប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ដូចជាការសុវត្តិភាពភូមិឃុំ ការសម្រួលចរាចរណ៍ ជួយការពារក្នុងពិធីបុណ្យផ្សេងៗដោយឥតគិតថ្លៃ ។
ទទឹមគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក៏បានក្រើនរំលឹក និងណែនាំដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវតែអនុវត្តច្បាប់ជាគំរូ ដល់ប្រជាពលរដ្ឋ ដោយមិនត្រូវយកតូនាទីទៅគំរាមគំហែងបងប្អូនប្រជាពលរដ្ឋ និងពុំមានសិទ្ធចាប់ចង់បុគ្គលណាដោយពុំ បានសហការជាមួយសមត្ថកិច្ចនោះឡើយ ប្រជាការពារពុំមានសិទ្ទិក្នុងការប្រើប្រាស់អាវុធ និងមិនត្រូវពាក់ ស្លាកសញ្ញារបស់អង្គភាពសមត្ថកិច្ច ឬកងកម្លាំងនោះឡើយ ជាហេតុធ្វើឲ្យមានការភាន់ច្រឡំដល់មហាជន ។
ជាចុងក្រោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តាំផ្ញើរដល់ប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព និងចូលរួមគោរច្បាប់ចរាចរណ៍ បើកបរពាក់មួកសុវត្តិភាព ត្រួតពិនិត្យបច្ចេកទេស យាន្តជំនិះ ដើម្បីការពារការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករលាក់មុខ វា ធ្វើយើងទទួលនូវគ្រោះថ្នាក់បាន នៅពេលដែល មានការធ្វើប្រហែស ។
ដោយ ប៊ុន រដ្ឋា




































