ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអះអាងនៅថ្ងៃទី៣០ខែធ្នូនេះថាករណីរថយន្តដឹកអុសដែលបាន ចាប់នោះគឺជំនាញបានធ្វើការពិន័យ។ លោកថារថយន្តដឹកអុសនោះពេលនេះ បានចាប់យកមករក្សាទុកនៅស្រីស្នំ មិនមានការដោះលែងនោះទេគឺធ្វើការពិន័យអន្តរការណ៍ តាមផ្លូវច្បាប់នៃរដ្ឋបាលព្រៃឈើ។
ការអះអាងរបស់លោកម៉ុង ប៊ុនលីម យ៉ាងដូច្នេះបន្ទាប់ពីមានព័ត៌មានអាចាមអារ៉ាមថា មានការដោះលែងរថយន្តដឹកអុសចំនួន២គ្រឿង ត្រឹមតែសម្រួលធ្វើកិច្ចសន្យាមិនឱ្យដឹកបន្តតែប៉ុណ្ណោះ។
សូមបញ្ជាក់ថានៅរសៀលថ្ងៃទី ២៩ ខែធ្នូឆ្នាំម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយនគរបាល បានចាប់រថយន្តខ្នាតធំចំនួន២ គ្រឿង ដែលបានដឹកអុសរួចបញ្ជូនទៅរក្សាទុកសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្រីស្នំ។
រថយន្តដឹកឈើប្រភេទអុសទាំង២គ្រឿងនោះត្រូវបានប្រភភទម្លាយថាបានដឹកចេញពីភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំខេត្តសៀមរាប ឆ្លងកាត់ស្រុកស្រីស្នំ។ បើតាមប្រភពបានបន្តថាអ្នករកស៊ី ដឹកអុស នោះឈ្មោះ មុំ ត្រូវបានពលរដ្ឋ សង្ស័យថាអាចជាឈ្មួញរកស៊ីដុះស្លែជាយូរណាស់មកហើយ មិនដែលមាននរណាហ៊ានបង្ក្រាបនោះទេ ទើបតែលើកនេះ ត្រូវបានអស់លក្ខ័តែម្ដង៕