អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!

0

សៀមរាប ៖ លោក អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានថ្លែងកោតសរសើរ ដល់សាលាបឋមសិក្សារវត្តបូព៌ថា៖ ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរមកហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។
លោកបន្តថា៖ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន នាយកសាលា បានប្រាប់លោកថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។
លោកមិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ (តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦) និងភាពជាអ្នកដឹកនាំប្រកបដោយភាពឆ្នៃប្រឌិត និងម៉ត់ចត់ខ្ពស់បំផុតរបស់លោកគ្រូនាយក ស័ក្តិសមជាសាលាគំរូប្រចាំប្រទេសកម្ពុជា។
លោក ឃឹម ហ្វីណង់ បានអោយដឹងទៀតថា៖ លោកគ្រូនាយកបានសួរលោកថា ថវិការដ្ឋរបស់សាលានេះ មានទំហំប្រហាក់ប្រហែលគ្នា នឹង សាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? លោកបានគិតថា ចម្លើយគឺស្ថិតនៅលើភាពឆ្នៃប្រឌិត សមត្ថភាពគៀងគរធនធានបន្ថែមពីខាងក្រៅ និងការជំរុញអោយមានការចូលរួម ដើម្បីសម្រេចចក្ខុវិស័យរបស់លោកនាយក។ លោកបានអរគុណលោកគ្រូនាយកចំពោះសំនួរនេះ ព្រោះវាជាសំនួរដែលបានបើកចំហការគិតរបស់លោក ផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើទំហំមានកំណត់នៃថវិកាអភិវឌ្ឍន៍របស់ស្រុក និងរំលឹកពីតួនាទីរបស់លោក​ ជាអ្នកដឹកនាំស្ថាប័នមួយរូប ដែលទាមទារអោយមានភាពឆ្នៃប្រឌិត និងចេះគៀងគរការចូលរួម ដោយមិនពឹងផ្អែកតែទៅលើថវិកាដែលមាននៅក្នុងដៃ តែមួយមុខនោះទេ។
លោកឃឹម ហ្វីណង់ និងក្រុមការងារបានចុះផ្ទាល់ដល់សាលាបឋមសិក្សាវត្តបូព៌ កាលពីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ើ
សូមរំលឹកដែរថា៖ ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានប្រកាសជាផ្លូវការនូវគំនិតផ្តួចផ្តើមនៃសាលាគំរូថ្មី លើទឹកដីស្រុកបន្ទាយស្រី។
លោកបានថ្លែងថា៖ “បើកភ្នែកមើលឃើញបានជិត បិទភ្នែកស្រមៃទើបមើលឃើញបានឆ្ងាយ” ដូច្នេះថ្ងៃនេះសុំស្រមៃឆ្ងាយបន្តិចហើយ តែលោកមិនមែនស្រមៃតែម្នាក់ឯងនោះទេ ដោយមានមិត្តភក្តិរបស់ ដែលផ្គល់គុណតម្លៃដូចគ្នាទៅលើការអប់រំ បានចូលរួមស្រមៃជាមួយលោក ដើម្បីព្យាយាមសម្រេចអោយបាន នូវចក្ខុវិស័យនៃការប្រែក្លាយសាលាមួយ​ អោយទៅជាសាលាគំរូ ជូនស្រុកបន្ទាយស្រី ៕