សៀមរាប៖ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ”គំនិតផ្តួចផ្តើម សាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” និងមានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី តំណាងអង្គការជាតិ
អន្តរជាតិ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍នៅមន្ទីរកសិកម្មខេត្តសៀមរាបរយៈពេលមួយថ្ងៃពេញ ថ្ងៃទី ៣១ខែឈហនូឆ្នាំ២០១៩។
ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានបញ្ជាក់ថា៖ ស្ថានភាពភូមិសាស្រ្ត បានបង្ហាញឲ្យឃើញថាខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅតំបន់ខ្ពង់រាប ដែលមានជួរភ្នំគូលែន និងភ្នំដងរែកនៅប៉ែកខាងជើង និងខាងត្បូងជាវាលទំនាបជាប់បឹងទន្លេសាប ហើយខេត្តសៀមរាប មានប្រភពទឹកស្ទឹងពីប៉ែកខាងលើចំនួន ០៧ ហូរកាត់ទៅប៉ែកខាង ក្រោម នៃបឹងទន្លេសាប និងមានប្រព័ន្ធធារាសាស្រ្តធំៗ ចំនួន ០៦កន្លែង រួមមាន ទំនប់ម្កាក់ ទំនប់អាងក្រពើ ទំនប់ស្ពានស្រែង ទំនប់ត្រាវកុដិ ទំនប់ក្សាក និងទំនប់ស្ទឹងស្រែង។ បឹងទន្លេសាប គឺជាប្រភពធនធានជលផលដ៏សម្បូរបែប មួយ ដែលគ្របដណ្តប់មួយភាគធំទៅលើដីកសិកម្មក្នុងប្រទេសកម្ពុជាយើង ហើយប្រជាជនយើងអាស្រ័យផលពីធនធានជលផលក្នុងកំរិតទី២ បន្ទាប់ពីដំណាំស្រូវ ។
ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់បានថ្លែងថា៖នាដើមឆ្នាំ២០១៩កន្លងទៅនេះ យើងសាងសង់ជណ្តើរត្រីនៅទំនប់ក្បាលហុង ខេត្តពោធិ៍សាត់ ក្រោមជំនួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងគោលបំណងជួយសម្រួលដល់ការបំលាស់ទីរបស់ត្រី និងហ្វូងត្រីគ្រប់ប្រភេទពីវាលទំនាបនានា ដែលចរាចរណ៍ចុះឡើងរវាងបឹងទន្លេសាប និងផ្នែកខាងលើ នៃស្ទឹង ដើម្បីបំពេញវដ្តជីវិតដោយជោគជ័យ ដើម្បីធានាបាននូវផលត្រីសម្រាប់ប្រជាពលរដ្ឋ និងសុវត្ថិភាពស្បៀងនៅជនបទ។
ឯកឧត្តម ឃុន សាវឿន បានបព្ជាក់ថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី គំនិតផ្តួចផ្តើមសាងសង់ជណ្តើរត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ក្នុងគោលបំណងផ្តោតសំខាន់លើការលើកកម្ពស់ និងថែរក្សាធនធានជលផលដ៏សម្បូរបែប នៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គ។
ក្នុងបុព្វហេតុធ្វើឲ្យប្រសើរឡើងនូវធនធានជលផល និងសរបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព និងធានាបាននូវសុវត្ថិភាព នៃការបំលាស់ទីរបស់ត្រី ក្នុងន័យសំដៅជម្រុញឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងការលើកកម្ពស់ជួយថែរក្សាធនធានជលផល ដែលបានមកពីធម្មជាតិ នៃបឹងទន្លេសាប និងប្រព័ន្ធទន្លេមេគង្គ ជាពិសេសជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងផ្លូវចរាចរណ៍របស់ត្រី (ជណ្តើរត្រី) និងអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន។ ហេដ្ឋារចនាសម្ព័ន្ធស្ទាក់ទឹកនានាក្នុងពេលអនាគតត្រូវបានបញ្ចូលការសាងសង់ជណ្តើរត្រីសម្រាប់ត្រីឆ្លងកាត់ដោយសុវត្ថិភាព។
ឯកឧត្តម ឃុន សាវឿន សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងក្លាយជាវេទិការពិភាក្សាដ៏ផុលផុស ពោពេញទៅដោយខ្លឹមសារ និងមានសារៈសំខាន់ បំផុត និងសូមស្នើ លោក លោកស្រីទាំងអស់ ចូលរួមផ្តល់ជាមតិយោបល់ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានលក្ខណៈល្អប្រសើរចំពោះធនធានជលផល ៕






































