កំពង់ចាម : លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន អះអាងថា ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែទទួលផលប្រយោជន៍ជាក់ស្តែង ពីការ អនុវត្តន៍ កម្មវិធី នយោបាយរបស់រដ្ឋាភិបាល ពិសេស
ការកែទម្រង់គ្រប់វិស័យ ដែលបានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់មានការពេញចិត្ត ជាអាទិ៍ ការតម្លើងបៀវត្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជន ការតម្លើងបៀវត្សកម្មករ និយោជិក ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ជាកម្មករ និយោជិក ការ អនុវត្តន៍ សន្តិសុខសង្គម ផ្នែកសុខុមាលភាពសម្រាប់កម្មករ និយោជិក ការពង្រីក សមធម៌មូលនិធិសម្រាប់ជនក្រីក្រ ការលុបចោលការយកថ្លៃសេវាសាធារណៈ និងការ អនុគ្រោះ ពន្ធ មួយ ចំនួន ផងដែរ ។ ការ ថ្លែង យ៉ាង ដូច្នេះក្នុង អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ អនុវត្តន៍ បន្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែម សមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ នៅ សាលា ខេត្ត កំពង់ចាម ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោក ជំទាវគតិសង្គហបណ្ឌិត បាន ថ្លែង រំលឹកថា កាលពី ៤០ឆ្នាំមុន គឺមានតែការឈឺចាប់ និរាសព្រាត់ប្រាស់ គ្រួសារ ប្រទេសជាតិបានធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែ បច្ចុប្បន្នប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេសដែលពោពេញទៅដោយសង្គ្រាម ទៅជាប្រទេសមួយ ដែលមានសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការរីកចំរើនគ្រប់វិស័យ ប្រជាជនមានជីវភាពធូរធារជាលំដាប់ និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
លោក ជំទាវគតិសង្គហបណ្ឌិត បានបន្ត ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជារក្សាបាននូវភាពជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រហែល ៧% ជាប់ៗគ្នា ដូចដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ វិស័យធំៗដែលជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច ដូចជា ឧស្សាហកម្ម វិស័យ វាយណភ័ណ្ឌកាត់ដេរ កសិកម្ម ទេសចរណ៍ និងសំណង់នៅតែបន្តលូតលាស់ និងរីកចម្រើនយ៉ាងខ្លាំងក្លា ។
លោក ជំទាវគតិសង្គហបណ្ឌិត បាន សង្កត់ ធ្ងន់ ថា ដោយសារតែប្រទេសជាតិរក្សាបាននូវកំណើន ដ៏ខ្ពស់នេះទើបផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលមានលទ្ធភាព តម្លើងប្រាក់បៀវត្ស ដល់មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់។ ស្របទៅនឹងវិធានការកែទម្រង់ថ្មីរបស់រាជរដ្ឋាភិបាល ក្រោមបាវចនា កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ រួមជាមួយនឹងការ អនុវត្តន៍ ឲ្យកាន់តែមានប្រសិទ្ធិភាពនូវអភិក្រមទាំង ៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅកសាងមូលដ្ឋានគ្រឹចាំបាច់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០ ។
ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សម្តែង
នូវការអបអរសាទរចំពោះបងប្អូននារី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីលើកកម្ពស់តម្លៃស្ត្រីខ្មែរ ហើយសង្គមទាំងមូលក៏បានទទួលស្គាល់នូវសមត្ថភាពនិងឧត្តមភាពរបស់ស្ត្រីខ្មែរ ដែលសុទ្ធសឹងតែជាធាតុដ៏សំខាន់ក្នុងការរួមចំណែកធ្វើ ឲ្យ មានសុខសន្តិភាព និងវឌ្ឍនភាពសង្គមយូរអង្វែង ផងដែរ ៕




































