ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងសម្រាកលម្ហែកម្សាន្ដកម្មវិធីឆ្លងឆ្នាំសកលនៅខេត្ដព្រះសីហនុយ៉ាងច្រើនកុះករ

0

ខេត្តព្រះសីហនុ៖ នៅតាមបណ្តារឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ល្ងាចថ្ងៃអង្គារថ្ងៃទី ៣១ ខែធ្នូ ២០១៩ ប្រជាពលរដ្ឋ និងភ្ញៀវទេចរជាតិ អន្ដរជាតិ បានមកលេងសម្រាកលម្ហែកម្សាន្ដ និងបានរៀបចំត្រៀម កម្មវិធីរាប់ថយក្រោយយប់ឆ្លងឆ្នាំ (Countdown) ដើម្បីអបអរសាទរថ្ងៃបុណ្យឆ្លងឆ្នាំ២០១៩-២០២០នេះ ដែលគេសង្កេត ឃើញថា ភ្ញៀវទេសចរភាគច្រើន ជាភ្ញៀវក្នុងស្រុក បាននាំក្រុមគ្រួសារសាច់ញាតិមកឆ្លងឆ្នាំ នៅតាមឆ្នេរសមុទ្រក្រុង ព្រះសីហនុ និងក្រុងកោះរ៉ុង យ៉ាងច្រើនកុះករគួរឱ្យកត់សំគាល់ ទោះបីជារដ្ឋបាលខេត្តព្រះសីហនុ មិនបានធ្វើពិធីឆ្លង យ៉ាងណាក្តី។

សមត្ថកិច្ច ប្រចាំការគោលដៅឆ្នេរអូរឈើទាល របស់ការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ និយាយថា តាមការកត់សម្គាល់ភ្ញៀវភាគច្រើនបានសម្រុកមកលេងកម្សាន្ដ សម្រាប់កម្មវិធីឆ្លងឆ្នាំ នៅតាម តំបន់ឆ្នេរនៅតាមក្រុងទាំងពីរ គឺក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង (តំបន់ឆ្នេរតាមកោះ)។ ភ្ញៀវទេសចរ ភាគច្រើនបាន ត្រៀបលក្ខណៈកម្សាន្ដសប្បាយតាមលក្ខណៈគ្រួសារ សាច់ញាតិនៅតាមបណ្ដារឆ្នេរទាំងនោះ រួមទាំងការបោះតង់សម្រាក នៅនឹងឆ្នេរសមុទ្រតែម្ដង សម្រាប់តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ មានដូចជា ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល ឆ្នេរព្រែកត្រែង ឆ្នេរអូរត្រេះ ឆ្នេរសុខា។ល។ និងនៅតាមតំបន់ឆ្នេរសមុទ្រនៃបណ្ដាកោះមួយចំនួនក្រុងក្រុងកោះរ៉ុង។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថាស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំ ថ្ងៃ ៣១ ខែធ្នូ ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួន ៣៥,០២៧នាក់ ថយចុះ ២៧.៦៣% ភ្ញៀវជាតិ ២៩.៤៤៥៧នាក់ ថយចុះ២៨.១៥% និងភ្ញៀវអន្តរជាតិ ៥.៥៧០នាក់ថយចុះ២៤.៧៩% ។

ទោះជាយ៉ាងណាក្ដី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ដោយសារតែ ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធពិសេសផ្លូវថ្នល់នៅក្រុងព្រះសីហនុ កំពុងតែស្ថាបនាមិនទាន់រួចរាល់លំបាកធ្វើដំណើរ ណាមួយ បញ្ហាបរិស្ថានមិនទាន់បានរៀបចំឱ្យបានស្អាតល្អ មានសភាពដីហុយ ទឹកកខ្វក់បែកធ្លាយ បាត់បង់សភណ្ឌដូច្នេះខេត្ត ក៏សម្រេចមិនរៀបចំកម្មវិធី ឬព្រឹតិ្ដការណ៍សម្រាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងសម្រាកលម្ហែឆ្លងឆ្នាំទេ។ រដ្ឋបាលខេត្ដ គឺកំពុងដុតដៃជើង (ខិតខំប្រឹងប្រែង) គិតគូរនិងជម្រុញក្រុមការងារពន្លឿនការស្ថាបនាផ្លូវទាំង ៣៤ខ្សែ និងអូរទាំងប្រាំក្នុងក្រុងឱ្យបានទាន់ពេលវេលារដូវប្រាំងនេះ ហេតុដូចនេះ សូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្ដរជាតិមេត្ដាយោគយល់។ ប៉ុន្ដែទោះជាបែបនេះក្តី ក៍មានការដាក់តាំងពិព័រណ៍ផលិតផលនានារួមជាមួយនឹងការអុជគោម និងបាញ់កាំជ្រួចផងដែរ ជាពិសេសប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពួកគាត់ចេះបង្កើតកម្មវិធីសប្បាយៗដោយខ្លួនឯង ក្នុងនាមថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សូមចូលរួមសប្បាយរីករាយអបអរសាទរជាមួយពួកគាត់ ផងដែរ រដ្ឋបាលខេត្ដ ខិតខំប្រឹងប្រែងរៀបចំថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព សន្តិសុខជូនពួកគាត់ឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា នៅខេត្ដព្រះសីហនុ មានរម្មនីយដ្ឋានទេសចរណ៍ជាច្រើនទៀតក្រៅពីតំបន់ឆ្នេរសមុទ្រ មានដូចជាតំបន់ ទេសចរណ៍ទឹកធ្លាក់ធម្មជាតិក្បាលឆាយ តំបន់ទឹកធ្លាក់ធម្មជាតិថ្មរូង និងរម្មនីយដ្ឋានកែច្នៃមួយចំនួនទៀតដូចជា តំបន់ទឹកធ្លាក់ព្រៃនប់ និងរម្មនីយដ្ឋានពិកនិក ជាដើម។ល។