ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តចុះពិនិត្យសកម្មភាពធ្វើផ្លូវនៅខេត្តព្រះសីហនុ ជាថ្មីទៀត ដើម្បីតាមដានមើលការវិវត្តនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ

0

ខេត្តព្រះសីហនុ៖ ក្នុងដំណើរចុះពិនិត្យនាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីនៃមន្ទីរ និងអង្គពាក់ព័ន្ធ បានអញ្ជើញពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុងគម្រោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
ការចុះពិនិត្យមើលដំណើរការកសាងផ្លូវពីសំណាក់ថ្នាក់នាំខាងលើបានធ្វើឡើងជាបន្តបន្ទាប់ច្រើនដងមកហើយ។

ព្រឹកមិញនេះ ឯកឧត្តម និងសហការី បានចុះពិនិត្យមើលផ្លូវក្រវ៉ាត់ក្រុង ចេញពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ឆ្នេររាម និងបានបន្តដំណើរពិនិត្យ មហាវិថីជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនា ពេលនេះ គោលដៅសំខាន់ គឺសាងសង់ផ្លូវ ជាពិសេសការពង្រីកទំហំផ្លូវផងដែរដើម្បីឲ្យប្រាកដថា ផ្លូវសាងសង់ ត្រូវតែមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពល្អ។
លោកបានបន្តទៀតថា ផ្លូវនៅក្នុងក្រុងព្រះសីហនុ កន្លងមកផ្លូវមានសភាពតូចចង្អៀត និងរងការខូចខាតស្ទើរទាំងស្រុង។ ប៉ុន្តែសម្រាប់ផ្លូវថ្មីដែលកំពុងចាប់ផ្ដើមជាមួយនឹងការពង្រីកផ្លូវសងខាងបន្ថែមទៀតនោះ នៅពេលសាងសង់ហើយ រួចរាល់ យើងនឹងបានផ្លូវធំទូលាយអមដោយសោភណភាពសួនច្បារដ៏ល្អប្រណិត នៅចំកណ្តាលទ្រូងផ្លូវផងនោះ ការធ្វើដំណើរមិនមានភាពកកស្ទះទៀតនោះទេ ពោលគឺផ្លូវសាងសង់ថ្មីនេះ នឹងអាចរួចរាល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ចាប់តាំងពីបានចាប់ផ្តើមសាងសង់ផ្លូវ និងពង្រីកផ្លូវ ចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ មានរយៈ ជិត៣ខែហើយ ក្នុងនោះមានក្រុមហ៊ុន ចំនួន៨ ជាអ្នកទទួលម៉ៅការសាងសង់។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងដងផ្លូវ ដែលត្រូវសាងសង់ និងពង្រីក សូមចូលរួម សហការជាមួយមន្ត្រីជំនាញ សាងសង់ផ្លូវផង ពីព្រោះថា ការសាងសង់ផ្លូវនាពេលនេះ អាចនឹងមានផលប៉ះពាល់ ខ្លះៗ ហើយសម្រាប់ប្រជាពលរដ្ឋដែលបាន សាងសង់សំណង់ផ្សេងៗ ក៏ដូចជាផ្ទះសម្បែងរបស់ខ្លួនលយចូលលើដីផ្លូវ ឬដីចំណីផ្លូវ គឺត្រូវតែធ្វើការរុះរើចេញទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមមន្ត្រីជំនាញក្នុងការសាងសង់ផ្លូវ។

សូមបញ្ជាក់ថាសព្វថ្ងៃដំណេីរការនៃការដ្ឋានកសាងផ្លូវ៣៤ខ្សែ បាននឹងកំពុងដំណើរការឈូសឆាយ កាយ កិនបង្ហាប់តាមបច្ចេកទេសនិងយ៉ាងមមាញឹក ដើម្បីធ្វើអោយហើយតាមពេលវេលាដែលបានគ្រោងទុក។

គួររំលឹកថាបើតាម ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសែន ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្តថា”នឹងអភិវឌ្ឍ ខេត្តព្រះសីហនុ អោយមានការរីកចម្រើន ទាក់ទាញការវិនិយោគពហុវិស័យ និងបានចាត់ទុកខេត្តព្រះសីហនុជាពោលសេដ្ឋកិច្ចដ៏សំខាន់ ដូច្នេះត្រូវធ្វើអោយខេត្តព្រះសីហនុ ក្លាយទៅជាខេត្តចំណូលសេដ្ឋកិច្ចជាតិប្រដោយសក្តានុពល៕