កំពង់ចាម: ដេីម្បីអបអរសាទរទិវាជ័យជំនះ ខួបលេីកទី៤១ឆ្នាំ ថ្ងៃ៧មករាឆ្នាំ១៩៧៩-២០២០ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ
២០២០នេះ បានប្រារព្ធពិធីបេីកការប្រកួតកីឡាមហាជន ជ្រេីសរេីសជេីងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩-២០២០ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ 
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលមានការសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ មានសាលាក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបានបំពេញភារកិច្ច លើកស្ទួយដល់វិស័យកីឡា ហើយក៏សូមឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្តើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយេីងធ្វើជាម្ចាស់ផ្ទះផងដែរ។
លេីសពីនេះលោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វេីឡេីងដេីម្បីចូលរួមចំណែកលេីកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រេីនជាលំដាប់ស្របពេលដែលប្រទេសជាតិយេីងមានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យជំនះខួបទី៤១ ថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០២០ ដោយសារការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វេីឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡេីយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយេីងត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង និងកាន់តែអភិវឌ្ឍន៍រីកចម្រេីនទៅមុខជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាដែលបានដាក់ឲ្យចូលរួមប្រកួតមហាជនជ្រេីសរេីសជេីងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៩-២០២០នេះ រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាប៉េតង់ប៊ូល កីឡាហែលទឹក កីឡាវាយកូនឃ្លីលេីតុ និងកីឡាវាយសី ហេីយក្រុមកីឡាដែលចូលរួមសរុបមាន៨០ក្រុម និងកីឡាករសរុបចំនួន៧៥៩នាក់ ក្នុងនោះមានកីឡាការនី សរុប១៤៦នាក់ផងដែរ៕







































