ចោទថា មេស្នាក់ការ អង្គការការពារបិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ដាក់កុងត្រូលដេញស្ទាក់ឡាន

0

សៀមរាប៖ ពលរដ្ឋដែលប្រកបមុខរបរដឹងអុសនិងឃ្យូង រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ស្រុកស្វាយលើ ចោទប្រកាន់ថា មេស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ ដាក់កុងត្រូលដេញស្ទាក់ឡានទារប្រាក់ បង្កការភ័យខ្លាច។ ករណីមេស្នាក់ការ អង្គការខាងលើ ឆ្លើយថា ពិតជាបានដេញឡានមែន តែមិនបានឃាត់ទេ គ្រាន់តែពិនិត្យនិងថតរូបភាព ឯរឿងលុយក៍យកតិចតួចប៉ុណ្ណោះ។
ពលរដ្ឋដឹកអុសម្នាក់ ក្នុងចំណោមនោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញមានរថយន្ត និងម៉ូតូបើកប្រដេញឡានឬគោយន្តដែលដឹកអុសនិងឈើកែច្នៃ នៅលើដងផ្លូវនៃស្រុកស្វាយលើ ដើម្បីទារលុយ។ ក្រៅពីរូបគាត់ គឺមានអ្នកផ្សេងទៀត ដូចជា អ្នកដឹកអុស ដឹកធ្យូង។ ខ្លះទៀតឡានឈ្នួលដឹកមនុស្ស ក៍ក្រុមខាងលើប្រដេញស្ទាក់ផងដែរ។ ពលរដ្ឋដដែលបន្តថា ក្រុមអ្នកបើករថយន្តប្រដេញទាំងនោះ មិនដឹងច្បាស់ថា ជាមន្ត្រីជំនាញ ឬអង្គភាពមកពីខាងណាឲ្យប្រាកដឡើយ តែឃើញបើកចេញពីស្នាក់ការអង្គការខាងលើនោះ។
ចំណែកអ្នករត់តាក់ស៊ី ឡានប្រភេទសាំយុងម្នាក់ទៀត ក៍បានផ្តល់ព័ត៍មានមកថា ខ្លួនធ្លាប់បានទទួលរងការប្រដេញស្ទាក់ ដោយមេស្នាក់ការ អង្គការបរិស្ថានខាងលើនោះច្រើនដងមកហើយ។ រាល់ពេលឃាត់ឡានរបស់ខ្លួន ក្រុមមនុស្ស៣ទៅ៤នាក់ ដែលខ្លះឯកសណ្ឋានស្រដៀងមេព្រៃនិងខ្លះស៊ីវិលនោះ តែសួរថា មានដឹកឈើដែរឬអត់?។ ប្រភពបន្តថា ការ ប្រដេញស្ទាក់ មិនថាពេលថ្ងៃឬយប់បែបនេះ ធ្វើអោយអ្នកជិះក្នុងឡានភ័យខ្លាចយ៉ាងខ្លាំង រហូតលើកជា ហេតុផលពីរ មកសួរ។ទី១ បង្កគ្រោះថ្នាក់ដូចជាបុកជល់ ទី២ បើមិនមែនជាសមត្ថកិច្ចពិតប្រាកដ អាចជាក្រុមចោរប្លន់ក៍ថាបាន។ ជាមួយគ្នានោះ បុរសខាងលើ ក៍បានទទូចសុំអោយអាជ្ញធរមានសមត្ថកិច្ច ពិនិត្យ ហើយបើសិនជាអាច គួបញ្ឈប់ការដាក់កុងត្រូល សម្រាប់ប្រដេញស្ទាក់បែបនេះ ពិសេសទៅទៀត មិនគួរអោយមានស្នាក់ការ អង្គភាពដែលមិនមែនជាសមត្ថកិច្ចពិតប្រាកដនោះឡើយ។
មេភូមិ ទឹកលិច ឃុំបឹងមាលា នៃស្រុកស្វាយលើ លោកស្រីអ៊ា បា បានឲ្យដឹងតាមទូរសព្ទ័ថា ករណីអង្គការខាងលើនេះ អ្នកស្រីក៍បានឃើញថា ពួកគាត់ចុះមកអនុវត្តន៍ការងារនេះ វាហាក់លើសពីច្បាប់អីចឹងមែន។ ព្រោះពលរដ្ឋ បានរាយការណ៍មកគាត់ថា គ្រាន់តែពលរដ្ឋដឹកអុស ក៏បើកឡានដេញកាក់យកលុយ ហើយពលរដ្ឋឲ្យលុយ១០០០០រៀល អត់យកទេ។ក្នុងនាមអាជ្ញាធរមូលដ្ឋាន អ្នកស្រីស្នើឲ្យស្ថាប័ន ពាក់ព័ន្ធមេត្តាជួយចាត់ការករណីបែបនេះផង ព្រោះអង្គការប្រភេទនេះមិនដែលមានអីជួយដល់ពលរដ្ឋនោះទេ ផ្ទុយទៅវិញ គឺមានតែធ្វើបាបពលរដ្ឋបន្ថែមទៀត តាមបែបប្រដេញស្ទាក់ទារប្រាក់។
ចំណែកលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ក៍បានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាកុងត្រូលជជុះនៅតាមដងផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ស្រុកស្វាយលើ លោកនឹងមានចំណាត់ការ តាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងបុគ្គលណាដែលធ្វើខុសច្បាប់នោះឡើយ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកសំ សៅ ប្រធានស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ បានឲ្យដឹងថា លោកមិនដែលស្ទាក់ឬឃាត់ឡាននណាបានមួយគ្រឿងនោះឡើយ។ បើរឿងដេញ ពិតជាមានមែន ពេលមានគេរាយការថា ជាឡានសង្ស័យ។ តែដេញដើម្បីថតរូបភាពទុកប៉ុណ្ណោះ។ លោកបន្តថា ចំណែករឿងយកលុយ គឺមិនបានទាមទារនោះឡើយ គេអោយ ៣០០០រៀលក៍យក ៥០០០រៀលក៍យក។
ប្រធានអង្គការបរិស្ថានជាជនជាតិវៀតណាមរូបនេះ បញ្ជាក់ថា ទោះខ្លួនជាវៀតណាម តែមិនដែកប្រកាន់ពូជសាសន៍អីទេ គឺជួយពលរដ្ឋពេលមានលំបាកដូចតែគ្នានឹង។ លោកបន្ថែមថា ស្នាក់ការរបស់លោកទោះបីទើបលើលស្លាកត្រឹមរយះពេល៥ខែ​ តែមាន ច្បាប់ពីក្រសួងនិងខេត្ត។
ទោះជាបែបនេះក្តី ក៍ពលរដ្ខក្នុងមូលដ្ឋាន ស្រុកស្វាយលើ ទទូចសុំកុំអោយមាន កុងត្រូល ប្រដេញស្ទាក់ ព្រោះជាមុខសញ្ញាគ្រោះថ្នាក់បំផុត៕