ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១ និង៤០នាទី
រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមអតីតផ្លូវរថភ្លើង កែងនឹងទំនប់៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុគេ ឃើញមានផ្សែងហុយចេញពី ផ្ទះជាពលរដ្ឋមួយកន្លែង បង្កចេញជាអណ្ដាតភ្លើង ឆាបឆេះយ៉ាសន្ធោសន្ធៅ បានរាលដាលដល់ផ្ទះផ្សេងៗទៀត ភ្លាមៗបងប្អូនជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ មកជាច្រើនគ្រឿងមកបាញ់ពន្លត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ គឺរងការខូចខាតផ្ទះប្រជាពលរដ្ឋ អស់១៥១ខ្នង ដោយសារផ្ទះប្រជាពលរដ្ឋ នៅទីតាំងកើតហេតុខាងលើនេះតូចៗ និងសម្បូរទៅដោយសង់អំពីឈើប្រក់ស័ង្កសី ចំណែកទ្រព្យសម្បត្តិវិញ សមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា អស់ប៉ុន្មាននៅឡើយទេ តែក្នុងករណីនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលើនេះ សង្ស័យបណ្តាលមកពីឆ្លងចន្តអគ្គិសនី ។
ចំណែករថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ចំនួន៤១គ្រឿង និងប្រើប្រាស់អស់៤១គ្រឿងផងដែរ ដោយរលត់ទៅវិញនៅវេលា ៣និង២០នាទីរំលងអាធ្រាត ថ្ងៃដដែល ៕




































