សៀមរាប ៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥០នាក់ដែលមកពីបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១២ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងការិយាល័យជំនាញបាន ទទួលការបណ្តុះបណ្តាលបំប៉នស្តីពីការរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
និងមិនពាក់មួកសុវត្ថិភាពនៅពេលយប់ ។ ដោយវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតី លោកឧត្តសេនីយ៍ត្រី ទី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក តេង ចាន់ណាត ស្នងការរងទទួលបន្ទុកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ព្រមទាំងមានគ្រូបង្គោលជាមន្ត្រីជំនាញនៃនាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ។ បន្ទាប់ពីលោកវរសេនីយ៍ឯក តេង ចាន់ណាត ស្នងការរងទទួលបន្ទុកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឡើងអានរបាយការណ៍ស្តីពីការអនុវត្តនូវតួនាទីភារះកិច្ចស្នូលដែលកងកម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាបបានអនុវត្តកន្លងមកជូនដល់គណះអធិបតីនិងអង្គពិធីបានជ្រាបរួចមក ។ មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពីការរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាពនៅពេលយប់នាឱកាសនោះលោកឧត្តសេនីយ៍ត្រី ទី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់បានមានប្រសាសន៍បញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានទទួលឲ្យចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញរបស់ខ្លួនហើយវគ្គបណ្តុះបណ្តាលបំប៉នស្តីពីការរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាពនៅពេលយប់ដែលបានតរៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលនេះគឺមានរយះពេលពីថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ដោយមានការសហការជាមួយនឹងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ហៅកាត់ថា GRSP ក្រោមជំនួយពី មូលនិធីប្ល៊ូមបឺក ភីលែនត្រូភី (Bloomberg Philanthropies) នៃគម្រោងសុវត្ថិភាពចរាចរណ៍សកល (Global Road Safety Program) ។
លោកឧត្តសេនីយ៍ត្រី ទី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ បានបន្តប្រសាសន៍ទៀតថា
វគ្គបណ្តុះបណ្តាលខាងលើនេះគឺមានគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាព និងជំនាញដល់នគរបាលចរាចរណ៍ផ្លូវគោកក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បង្កដោយការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងរបួសក្បាលមកពីមិនពាក់មួកសុវត្ថិភាព។
ដោយលោកឧត្តសេនីយ៍ត្រី ទី ឡុង បានបញ្ជាក់ទៀតថាសិក្ខាកាមទាំងអស់នឹងត្រូវសិក្សាពីវិធីសាស្ត្ររៀបចំគោលដៅត្រួតពិនិត្យ វិធីសាស្ត្រប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ក្រមសីលធម៌ វិធីសាស្ត្រធ្វើការអង្គេត និងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងការសិក្សានេះ សិក្ខាកាមត្រូវចុះអនុវត្តជាក់ស្តែងនៅពេលយប់ដើម្បីត្រួតពិនិត្យជាតិស្រវឹង និងមួកសុវត្ថិភាពហើយ ក្រោយពេលបញ្ចប់វគ្គសិក្សានេះទៅ សិក្ខាកាមពិតជាអាចមានសមត្ថភាពចុះរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមិនពាក់មួកសុវត្ថិភាពនៅពេលយប់បាន ប្រកបដោយប្រសិទ្ធឲ្យស្របទៅនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានដាក់ចេញនូវពាក្យស្លោក ថា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕