បញ្ជាការដ្ឋានកងទ័ពជើងគោកបានផ្ដល់អទិភាពដល់សាច់ញាតិបង្កើតរបស់អតីតយុទ្ធជន ធ្វើជំរឿនត្រៀម បំពេញក្របខ័ណ្ឌនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៅពេលមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល  

0

ខេត្តកំពង់ធំ  ក្រុមការងារត្រួតពិនិត្យ លក្ខណៈសម្បត្តិ  សំណុំបែបបទឯកសារ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក  និងក្រុមការងារបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ក្នុងការធ្វើការជំរឿន បច្ចុប្បន្នភាពសាច់ញាតិ កូនចៅ និងបងប្អូនបង្កើតរបស់អតីតយុទ្ធជន  ដើម្បីផ្ដល់អទិភាព សម្រាប់ការបំពេញក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីជាការតបស្នងសងគុណដល់អតីតយុទ្ធជន។

ជាក់ស្តែង ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោក ឧត្ដមសេនីយ៍ត្រី ហេង សុខា ប្រធានក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនឹងសាច់ញាតិ បង្កើតរបស់បងប្អូនកូនក្មួយ អតីតយុទ្ធជន និងពិនិត្យឯកសារ សំណុំបែបបទ ដើម្បីត្រៀមសុំចូលចូលក្នុងក្របខ័ណ្ឌកងទ័ព ដើម្បីបម្រើជាតិមាតុភូមិ បន្តវេនពីលោកឳពុកអ្នកម្តាយ និងបងៗ។ដែល ពិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២0  ដែលមានក្មួយៗបានស្ម័គ្រចិត្តដាក់ពាក្យចំនួន៨៦២ នាក់នៅខេត្តកំពង់ធំ   ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ ពី ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ គន់  គីម  ទេសរដ្ឋមន្រ្តី  អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក  បានមើលឃើញពីគុណ បំណាច់របស់អតីតយុទ្ធជន ទើបមានការផ្តាំផ្ញើដល់គណកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ និងនៅគ្រប់រាជធានីខេត្ត ផ្តល់អទិភាពខ្ពស់ ដល់ក្មួយៗ ដែលជាកូនចៅ សាច់ញាតិបង្កើតរបស់អតីតយុទ្ធជន បានចូលបម្រើក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ នៅពេលដែលមានផែនការពីរាជរដ្ឋាភិបាល   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថានេះគ្រាន់តែជាការធ្វើជំរឿន និងត្រួតពិនិត្យឯកសារសំណុំ បែបបទ របស់សាច់ញាតិ បង្កើតរបស់អតីតយុទ្ធជនតែប៉ុណ្ណោះ ដោយមិនមែនជាការអញ្ជើញក្មួយៗមកចូល បម្រើក្នុងជួរកងទ័ពនៅឡើយទេ  ហើយ ឯកឧត្ដម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្មួយដែលមានឆន្ទះ និងជាទំពាំងស្នងឬស្សី ដើម្បីបន្តវេនដឹកនាំ វិស័យការពារជាតិ ឲ្យមានភាពរីកចំរើន និងក្លាយជាសរសរគ្រិស្ដ បម្រើជាតិសាសនាព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបានសំណូមពរ ឲ្យក្មួយៗទាំងអស់ ខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ហាត់ពត់លុតដំខ្លួន សិក្សារៀនសូត្រ ពីលោកពូ អ្នកមីង ដែលជារៀមច្បង ពីវិស័យការពារជាតិ ដើម្បីឲ្យក្លាយខ្លួនទៅជាយុទ្ធជនល្អ ជាថ្នាក់ដឹកនាំល្អ នៅពេលអនាគត។ដោយ ប៊ុន រដ្ឋា