(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្រ្តីក្រោមឳវាទ បានអញ្ជើញចូលរួមមរណៈទុក្ខ ជាមួយនិងគ្រួសារសព កម្មករដែលបានស្លាប់ នៅក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់នៅខេត្តកែប មានឈ្មោះសេង ប៉េងអាន កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៩៨ ម្ដាយ ឈ្មោះ ហៀង រុំ ឪពុកឈ្មោះ សេង រើនស្ថិតនៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមករា ២០២០។
ពិធីគោរពវិញ្ញាណក្ខន្ធសពកម្មករស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារ ដោយមានការនិមន្តចូលរួម ពីព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ថែមទាំងបាន នាំមកនូវថវិកា និងគ្រឿង ឧបភោគបរិភោគទៅចូលរួមបុណ្យសពកម្មករ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបនេះផងដែរ ក្នុងបរិយាកាសនៃពិធីបុណ្យសព មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ និងបានបង្ហាញនូវការសោកស្តាយ ប្រកបដោយក្តីក្តុកក្តួល ក្នុងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយនិងគ្រួសារសព។
ឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខដល់គ្រួសារសព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ និងបាត់បង់នូវធនធានមនុស្សដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយក្រុមគ្រួសារនេះ បានខិតខំធ្វើការហើយជួបរឿងអកុសលបែបនេះ ឯកឧត្តមអភិបាលខេត្តបាន ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពបានទៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ មានការស្លុតចិត្តនោះ គឺ ប្អូនប្រុស សេង ប៉េងអាន មានគម្រោងរៀបការជាមួយ និងកញ្ញា ភួត ជីន ដែលជាគូរដណ្តឹងនិងគ្នា តែកម្មអកុសល់ ព្រហ្មលិខិតបានមកឆក់ជីវិតអនាគត់កូនកំលោះ ឲ្យស្លាប់បាត់បង់ជីវិត បណ្តោយឲ្យកញ្ញា ភួត ជីន ដែលជាគូរដណ្តឹង មានចិត្តអាណិតដោយក្តីអាឡោះអាល័យ ដោយក្តីមានសំណាងតែគ្មានវាសនា អ្នកទាំង២រស់នៅរស់នៅភូមិឃុំជាមួយគ្នា សាកសពប្អូន សេង ប៉េងអាន ត្រូវបានរថយន្តកងយោពលខេមរភូមិន្ទដឹកយកមកដល់គេហដ្ឋាន នៅយប់វេលាម៉ោ១,១០នាទី និងបូជាវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕
ក្រុមគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនថាក្នុងកាលៈទេសៈ ឬពេលវេលាណាមួយឡើយ និងសូមគោរពជូនពរសម្តេច និងក្រុមការងារមានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត។
ដោយ ប៊ុន រដ្ឋា





































