ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២០ ឯកឧត្តម តឹក រេត សំរេច តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព កម្មករចំនួន០៥នាក់ មកពីខេត្តព្រះសីហនុ ដែលបានបាត់បង់ជីវិតទាំងគ្រួសារ ចំនួន០២គ្រួសារ ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែបកន្លងទៅថ្មីៗនេះ។ ក្នុងនោះមានក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ
ខេត្ត/ក្រុងព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ឯកឧត្តម និងសហការី បានសំដែងការសោកស្តាយនិងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានជួបគ្រោះថ្នាក់ដ៏គួររន្ធត់នេះ និងបានបួងសួងសូមអោយវិញ្ញាណក្ខន្ធ័នៃសពទាំងអស់បានទៅកើតនៅឋានបរមសុខ។ ក្នុងនោះដែរឯកឧត្តម ក៏បានចូលរួមបច្ច័យរបស់ក្រុមការងារថ្នាក់កណ្តាលដល់គ្រួសារសព ដែលស្លាប់១គ្រួសារដោយសពម្នាក់ទទួលបាន២លានរៀល សរុបចំនួន ៨លានរៀល និងសពកម្មករម្នាក់ទៀតតែឯង ចំនួន ៣លានរៀល ព្រមទាំងថវិកា និងសម្ភារះឧបត្ថម្ភបន្ថែមមួយចំនួនទៀត ពីរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ ផងដែរ។
ម្តាយ,ប្រពន្ធនិងសាច់ញាតិនៃសព បានសំដែងភាពសោកសៅនិងថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងសប្បុរសជនទាំងអស់ដែលបានយកចិត្តដាក់ចំពោះក្រុមគ្រួសារគាត់ដែលរងគ្រោះអកុសលនាពេលនេះ។ពួកគាត់បានជូនពរសម្តេចតេជោហ៊ុន សែន ,ឯកឧត្តម សាយ សំអាល់ ឯកឧត្តម តឹក រេតសំរេច សហការី និងអាជ្ញាធរខេត្ត/ក្រុងព្រះសីហនុ ចំពោះសមានចិត្តដ៏ថ្លៃថ្លានាពេលនេះ។
សូមបញ្ជាក់ថាការរៀបចំពិធីបុណ្យសពនេះរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកទទួលបន្ទុកទាំងស្រុង។ពិធីនេះបានធ្វើឡើងពីរកន្លែងដាច់ពីគ្នា ១គ្រួសារមានសមាជិកចំនួន០៤នាក់ធ្វើបុណ្យនៅវត្តជោតញាណហៅវត្តលើ ស្ថិតក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ គ្រួសារសពមួយទៀតប្តីត្រូវម្តាយនិងប្រពន្ធដើមយកមកធ្វើបុណ្យនៅវត្តឥន្ទញាណហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ចំណែកសពប្រពន្ធក្រោយនិងកូនម្នាក់ទៀតត្រូវម្តាយនាងយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តកំពត។
ជនរងគ្រោះពីខេត្តព្រះសីហនុ ដែលរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារកំពស់៧ជាន់នៅខេត្តកែបកាលពីវេលាម៉ោង៤,៣០នាទីល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០២០ មានចំនួន៥នាក់៖១.ហាស់ សុគុណ ភេទ ប្រុស អាយុ ៣០ឆ្នាំ ២.ហែម សុគុណ ភេទស្រី អាយុ២៩ឆ្នាំ ៣.វ៉ា ចាន់ណារិទ្ធ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ៤.លី គឹម ឆាយ ភេទ ប្រុស អាយុ ៨ឆ្នាំ ៥.លី គឹមឈីង ភេទ ប្រុស អាយុ៤ឆ្នាំ។




































