កំពត នៅព្រឹក ថ្ងៃចន្ទ ១២កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំ មន្ត្រីសាខាកក្រក ខេត្តកំពត អនុសាខាកក្រក ស្រុកជុំគីរី អ្នកស្ម័គ្រចិត្ត និងយុវជនកក្រក សរុបប្រមាណ ១៩៧នាក់។
ក្នុងឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពី គុណតម្លៃនៃការងារស្ម័គ្រចិត្ត ហេីយដែលទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលមានអ្នកស្ម័គ្រចិត្តជាង ១២លាននាក់ ជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តកពត មានអ្នកស្ម័គ្រសរុបប្រមាណចំនួន១១៤០នាក់ ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងឱកាសនោះសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត បានផ្ដល់ជូននូវបណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ២០,០០០រៀល។






































