កំពង់ចាម: រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំពិធីមីទ្ទីញ រំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ
អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រក្សារាជរដ្ឋាភិបាល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ យាយជីតាជី លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ បងប្អូនខ្មែឥស្លាមប្រមាណជាង៨០០០នាក់។
លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានឡើងអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចបានថ្លែងក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២០ ជូនអង្គមិន្ទីញទាំងមូលបានជ្រាប។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើង អំពីគុណបំណាច់ នៃថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលយុវជនជំនាន់មុនបានធ្វើការតស៊ូ ដោយលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដើម្បីរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ព្រោះរបបព្រៃផ្សៃនេះ គឺបានធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវបានបាត់បង់អាយុជីវិត ហើយប្រទេសជាតិត្រូវវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
លោកបានសង្កត់ធ្ងន់ថា ថ្ងៃ៧ មករា គឺជាអាយុជីវិតទី២ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានរស់រានមានជីវិតឡើងវិញ ថ្ងៃ៧ មករា បានផ្តល់អាយុជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយនិងឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលឲ្យកាន់តែរីកចម្រើន ដោយមានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់នឹងសព្វថ្ងៃនេះ ៕











































