ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៤១នៃទិវាជ័យជម្នះ៧មករា១៩៧៩ និង៧មករា២០២០ខេត្តកំពង់ធំ អមដោយឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងអ្នកមុខអ្នកការប្រតិភូអមដំណើរ ប្រធាបអនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសរុបជិត១ម៉ឺននាក់ បានប្រារព្វធ្វើឡើងនៅក្នុងភោជនីយ៍ដ្ឋាន ព្រះច័ន្ទពេញវង្ស ស្ថិតក្នុងភូមិបាល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តោតនូវសារៈ សំខាន់នៃថ្ងៃគម្រប់ខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំ
របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រជាជនកម្ពុជា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានអបអរសាទរ ដែលប្រទេសជាតិមានសន្តិភាពក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន ប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តីក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើងដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុវត្តនយោបាយឈ្នះៗ បង្រួបបង្រួមជាតិ ខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាព ដោយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ជាក់ស្តែងថ្ងៃនេះជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ និង៧មករា២០២០ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងក្នុងពេលនេះ រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នរដ្ឋគ្រប់ថ្នាក់ ការផ្តល់សេវាសាធារណៈជូនប្រជាជន ការពង្រឹងយុត្តិធម៌ និងសមភាពក្នុងសង្គម ការបង្កើនចំណូលថវិកាជាតិ និងការគ្រប់គ្រងចំណាយ ប្រកបដោយវិចារណភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល មានគោលនយោបាយ ជូនកម្មការិនីដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ហើយបានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ គាំពារផ្នែកសុខភាពប្រកបដោយគុណភាពមិនគិតថ្លៃដល់កុមារ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ កម្មករបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងនិយោជិតទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារអាមេរិក និងត្រូវបានដំឡើងដល់១៩០ ដុល្លារអាមេរិក ចាប់ពីខែមករាឆ្នាំ២០២០នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកស្ទួយជីវភាពប្រជាកសិករ ខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ដោយ ប៊ុន រដ្ឋា





































