កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ផ្ទះថ្មីមួយខ្នងដល់ អតីតយុទ្ធជនពិការស្រុកបារាយណ៍ ដែលជាខ្នងផ្ទះលើកទី១៤១ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដឹកនាំសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ពិធីប្រគល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ ២០២០។
ផ្ទះថ្មីដែលទើបតែសាងសង់រួច ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដោយលោក សុទ្ធ ម៉ារី អភិបាលរង ស្រុកបារាយណ៍ ព្រមទាំងនិមន្តចូលរួមពី ព្រះ គ្រូចៅអធិការវត្តកងមាស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីប្រគល់ផ្ទះថ្មីជូន លោក មុំ គុំ អតីតយុទ្ធជនពិការ មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សសេរបេតុង ឆ្អឹងដែក ជញ្ជាំងនិងដំបូលប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ រួមជាមួយនិងការជួយឧបត្ថម្ភ ពីគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង ស្រុកបារាយណ៍ មានអង្ករចំនួន១០០គ.ក មីយើងបីកេស ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ ត្រីខកំប៉ុង១យួរ ថវិកា៥០០,០០០ រៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា លោក មុំ គុំ អាយុ៦៥ ឆ្នំាជាអតីតយុទ្ធជនពិការ បច្ចុប្បន្នរស់នៅភូមិកងមាស ឃុំ ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន ដើម្បី អបអរសាទរខួប លើកទី៤១ ទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩-ឆ្នាំ២០២០ លោកអនុសេនីយ៍ទោ មុំ គុំ ភរិយាឈ្មោះកង វ៉ាន់សឿន អាយុ៤៩ ឆ្នំា មានកូននៅក្នុងបន្ទុក៤នាក់ កន្លងមកធ្លាប់បម្រើក្នុងជួរកងទ័ព នៅ ឆ្នាំ ១៩៧៣ អតីតកងពល៧៨៥ (អតីតខ្មែរក្រហម ) បានត្រូវរបួសពិការភ្នែក នៅសមរភូមិស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅឆ្នាំ១៩៩៧ និងបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៨ មានមុខរបរចំាការឲ្យគេ ក្នុងមួយខែទទួលបានប្រាក់បៀវត្សរ៍ពីរាជរាជរដ្ឋាភិបាលចំនួន ៦៣០,០០០ រៀល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់លោកលោក មុំ គុំ និងក្រុមគ្រួសារ ឲ្យថែរក្សាសុខភាព និងជម្រុញឲ្យកូនចៅបានចូលសិក្សារៀនសូត្រ និងបានបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម នៃប្រមុខរាជរដ្ឋាភិបាល មិនបានបោះបង់បងប្អូនណានោះឡើយ ដោយបានអនុវត្តគោលនយោបាយឈ្នះៗ គឺឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់ ដើម្បីបង្រួបបង្រួមខ្មែរតែមួយ ដើម្បីអភវឌ្ឍន៍ និងកសាងប្រទេសឲ្យ មានការរីកចម្រើន ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន សន្តិភាព ទើបមានអ្វីៗសព្វគ្រប់បែបយ៉ាងក្នុងពេលនេះ បើគ្មានសន្តិភាពទេ ក៏គ្មានថ្ងៃនេះដែរ ដូច្នេះសំណូមពរ ឲ្យបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សតទៅ ។
ដោយ ប៊ុន រដ្ឋា





































