ប្រជាពលរដ្ឋ៨គ្រួសារសំណូមពរសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ក្រុមហ៊ុនថៃសុខសានរំលោភយកដី៣៧ហិចតា និងគំរាមប្តឹងទៀតផង

0

ខេត្តកំពង់ធំៈ កក្រើកទៀតហើយបញ្ហាដីធ្លីនៅខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋ៨គ្រួសារ បានអះអាងថា ដីស្រែរបស់ពួកគាត់ ៣៧ហិចតាកន្លះ នៅចំនុចត្រាវជាន់ផុង ត្រពាំងកក់ ភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពួកគាត់បានអាស្រ័យផលជារៀងរាល់ឆ្នាំ តែត្រូវបានប្រជាពលរដ្ឋទាំង៨គ្រួសារ ចោទប្រកាន់ ថាក្រុមហ៊ុនថៃសុខសាន បានរំលោភយកដីស្រែ យ៉ាងរំភើយដោយគ្មានសំណងឬដំណោះស្រាយនោះឡើយ ថែមទាំងមានការគំរាមគំហែងប្រជាពលរដ្ឋណា ហ៊ានតវ៉ាទៀតផង ។

លោក ញ៉េប ជ្រុន ភេទប្រុស តំណាងប្រជាពលរដ្ឋនៅភូមិចុងដូង បានឲ្យដឹងថា ដីស្រែរបស់ប្រជាពលរដ្ឋ ចំនួន៨គ្រួសារ មានដីស្រែសរុប៣៧.៥ហិចតា បានអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ តែត្រូវបានក្រុមហ៊ុនថៃសុខសាន រំលោភដីរបស់ពួកគាត់ចាប់តាំងពីឆ្នាំ២០១៥ ដោយយុទ្ធសាស្រ្តដំបូងគឺសុំទិញ តែប្រជាពលរដ្ឋ មិនព្រមលក់ ខាងក្រុមហ៊ុនក៏បានយកកូនឈើមកដាំ ក្រោយមកទៀតក៏បានយកគ្រឿងចក្រមកកាយប្រឡាយហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដី ចំនុចត្រាវជាន់ផុង តែត្រូវបានប្រជាពលរដ្ឋ និងមេឃុំមកហាមឃាត់ ក្រុមហ៊ុនក៏បានបើកគ្រឿងចក្ររត់ ហើយលួចកាយប្រឡាយនៅពេលយប់ ខណៈពេលប្រជាពលរដ្ឋ ពុំបាននៅយាម តែទោះបីជាហាមឃាត់ក៏មិនអាច ឈ្នះការរំលោភរបស់ក្រុមហ៊ុនបានឡើយ ដោយសារមាន លោក ម៉ែន ក្លូ ជាប៉ូលិសចរារណ៍ ស្រុកបារាយណ៍ ត្រូវបានក្រុមហ៊ុនតែងតាំងជាមេការ ចាំយាមការពារឲ្យក្រុមហ៊ុន ។

លោក ញ៉េប ជ្រុន តំណាងប្រជាពលរដ្ឋ បានរៀបរាបថា ក្រៅពីក្រុមហ៊ុនថៃសុខសាន បានរំលោភយកដីរបស់ប្រជាពលរដ្ឋ ក៏បន្តធ្វើទុក្ខបុកម្នេញ រារាំងមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រឡាយរបស់រដ្ឋសម្រាប់ ស្រោចស្របស្រែស្រូវនោះឡើយ សូម្បីតែប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ មករកត្រីសាច់ក្នុងប្រឡាយ ក៏ត្រូវបានហាមឃាត់មិនឲ្យរកដែរ ថែមទាំងដេញចាប់ប្រផាត់ប្រផិង ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាផ្ទុះការក្តៅក្រហាយ ក្នុងនោះលោកបានដាក់ពាក្យបណ្តឹងទៅ តុលាការដើម្បីឲ្យជួយដោះស្រាយ តែរហូតមកដល់ពេលនេះ ជាច្រើនឆ្នាំហើយពុំទាន់មានដំណោះស្រាយនោះទេ ។

លោក ម៉ែន ក្លូ មន្រ្តីប៉ូលិសចរាចរណ៍ ស្រុកបារាយណ៍ និងជាមេការក្រុមហ៊ុនថៃសុខសាន បានបំភ្លឺតាមទូរ ស័ព្ទមកបណ្តាញសារព័ត៌មាន យ៉ាងខ្លីថា បញ្ហាការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋថា ក្រុមហ៊ុនថៃសុខសាន រំលោភយកដីនោះគឺមិនមែនជាការពិតនោះទេ គឺក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋ ហើយក្នុងពេលនេះលោកក៏មិនបានផ្តល់ព័ត៌មានអ្វីបានទេ ដោយសារលោកថៃសុខសាន ប្រធានក្រុមហ៊ុនបានទៅប្រទេសបារាំង ដោយរងចាំជាង១០ថ្ងៃទៀតទើបមកវិញ បើប្រជាពលរដ្ឋណាតវ៉ាឲ្យមកជួបគាត់ផ្ទាល់ទៅ។

ចំណែកលោក កែវ អូក មេឃុំចុងដូង លោកបានឲ្យដឹងតាមទូរស័ព្ទថា ចំពោះដីដែលមានបញ្ហា ដំបូងគឺមានសេចក្តីរាយការណ៍ពីមេភូមិ ថាមានករណីរំលោភយកដីរបស់ប្រជាពលរដ្ឋ លោកមេឃុំក៏បានចុះទៅពិនិត្យជាក់ស្តែង ក៏ប្រទះឃើញមានគ្រឿងចក្រក្រុមហ៊ុនកំពុងតែឈូសឆាយដីហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដីចំនុចត្រាវជាន់ផុង គាត់ក៏បានហាមឃាត់ ក្រុមហ៊ុនក៏ព្រមដកគ្រឿងចក្រ ក្រោយមកទៀតគាត់ក៏បានទៅហាមឃាត់ជាលើកទី២ ក្រុមហ៊ុនថៃសុខសាន ក៏បានបើកគ្រឿងចក្ររត់ ក្រោយមកទៀតក៏បានយកគ្រឿងចក្រមកលួចឈូសឆាយដី ពេលយប់ជិតភ្លឺ រហូតបានសម្រេច លោកមេឃុំបានបញ្ជាក់ថា លោកមិនអាចហាមឃាត់និងការពារបានរហូតនោះទេ បើគេលួចធ្វើរហូត ចំណែកដីមានបញ្ហានេះគឺពិតជាមិនមានការលក់ដូរ ឲ្យក្រុមហ៊ុននោះទេ បើមានការលក់ដូរ ឬក៏មាន ដំណោះស្រាយខ្លះ ប្រជាពលរដ្ឋក៏មិននាំគ្នាតវ៉ានោះទេ។

លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា ករណីរឿងជំលោះដីធ្លី រវាងក្រុមហ៊ុនថៃសុខសាន កាលលោកនៅជាអភិបាលរងស្រុកបារាយណ៍ គឺពុំទទួលបានព័ត៌មាននេះទាល់តែសោះ តែបន្ទាប់ពី បានទទួលព័ត៌មានដ៏ក្តៅក្រហាយរបស់ប្រជាពលរដ្ឋ ថាមានការរំលោភយកដីធ្លីរបស់ពួកគាត់ នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០នេះ លោកនិងកោះហៅភាគគីគ្រប់ទាំងអស់ជាបន្ទាន់មកសាកសួរ ដូចជាក្រុមហ៊ុន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋដើម្បីសើរើសំណុំរឿងនេះមកវិញ ដើម្បីរកភាពខុសត្រូវនិងភាពយុត្តិធម៌ជូន ប្រជាជន ។

ប្រជាពលរដ្ឋទាំង៨គ្រួសារសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងគោរពស្នើរសុំ សម្តេចតេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ក្រុមហ៊ុនថៃសុខសានរំលោភយកដីរបស់ពួកគាត់ ៣៧.៥ហិចតាចំនុចត្រាវជាន់ផុង ឲ្យប្រគល់ជូនពួកគាត់វិញ ឬក៏មានដំណោះ ស្រាយសមរម្យជូនពួកគាត់ ដោយសារតែពួកគាត់មិនបានលក់ដូរឲ្យក្រុមហ៊ុនថៃសុខសាន្តនោះទេ តែក្រុមហ៊ុនបានមកហ៊ុំព័ទ្ធក្រវ៉ាត់ព្រុំដីរបស់ពួកគាត់ទៅវិញ។ ដោយ ខេមរា