មនុស្ស១,០៥២នាក់ចូលរួមប្រារព្វមីទីងអបអរសាទរខួបលើកទី៤១ថ្ងៃជ័យជម្នះ៧មករាឃុំបន្ទាយស្ទោង

0

ខេត្តកំពង់ធំៈ មីទីងអបអរសាទរខួបលើកទី៤១ ថ្ងៃជ័យជម្នះ៧មករា១៩៧៩និង ៧មករា២០២០ឃុំបន្ទាយស្ទោង ស្ថិតអធិបតីភាព ឯកឧត្ដមសោម  ស៊ុន  សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ធំ  អនុ ប្រធានក្រុមការងារចុះស្រុកស្ទោង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ដែលមានប្រជាពលរដ្ឋនិងសិស្សា នុសិស្សជាង១០០០នាក់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ០៨ ខែ មករា  ឆ្នាំ ២០២០  ។

ឯកឧត្ដមសោម  ស៊ុន  អានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តោតនូវសារៈ សំខាន់នៃថ្ងៃគម្រប់ខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ឯកឧត្ដមសោម  ស៊ុន បានបន្តថា ប្រទេសជាតិមានសន្តិភាពក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើងដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត តែក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុវត្តយោបាយឈ្នះៗ បង្រួបបង្រួមជាតិ ខ្មែរតែមួយ ឲ្យរស់នៅក្រោមម្លប់សន្តិភាព ដោយទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ជាក់ស្តែងថ្ងៃនេះជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជម្នះ៧ មករា ឆ្នាំ១៩៧៩ និង៧មករា២០២០ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងក្នុងពេលនេះ ។

ឯកឧត្ដមសោម  ស៊ុន បញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ  គាំពារផ្នែកសុខភាពប្រកបដោយគុណភាពមិនគិតថ្លៃដល់កុមារ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសាឆ្នាំ២០២០នេះ កម្មករបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងនិយោជិតទទួលប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារអាមេរិក និងត្រូវបានដំឡើងដល់១៩០ ដុល្លារអាមេរិក ចាប់ពីខែមករាឆ្នាំ២០២០នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកស្ទួយជីវភាពប្រជាកសិករ ខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល  ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ដោយ ប៊ុន រដ្ឋា