ឆេះផ្ទះអស់មួយខ្នងគ្មានសល់ដោយសារធ្វេសប្រហែសដុតភ្លើងធូបចោល

0

ខេត្តកំពង់ធំៈ ផ្ទះមួយខ្នង ត្រូវបានអគ្គភ័យឆាប់ឆេះសន្ធរសន្ធៅគ្មានសល់ និងបានបន្សល់តែផេះជូនម្ចាស់ផ្ទះ ចំណែកម្ចាស់ផ្ទះមានតែអង្គុយទ្រហោយំរៀបរាប់ពីការសោកស្តាយ នូវកំហុសរបស់ខ្លួន ដែលមានការធ្វេស ប្រហែស និងប្រមាថដោយការដុតធូបទានចោល មិនមានការអើពើ បណ្តាលឲ្យភ្លើងធូបបាក់ធ្លាកមក​កម្រាល ឆាបឆេះផ្ទះសំបែង រួមទាំងសម្ភារៈជាច្រើនមុខ ឲ្យក្លាយជាផេះតែក្នុងប៉ប្រិចភ្នែក។

ហេតុការណ៍ ព្រះអគ្គីបានប្រល័យផ្ទះមួយខ្នងនេះ បានកើតឡើងចំពោះគ្រួសារកសិករមួយ ឈ្មោះ  វ៉ា សុខា ភេទស្រី អាយុ ៥៨ឆ្នាំ មានកូន២នាក់ ប្រុស១ ស្រី១ រស់នៅភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពី វេលាម៉ោង០៨:០០នាទី ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ផ្ទះមានទំហំ(៤មx៦ម)ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បានខូចខាត -ទូរទស្សន៍ចំនួន០១គ្រឿង-អាគុយចំនួន០១គ្រឿង-សូឡាចំនួន០១ផ្ទាំង-ម៉ាស៊ីនដេរចំនួន០១គ្រឿង-ស្រូវចំនួន០៣បេនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងពេលកើតហេតុ ក៏ដូចជាបានទទួលព័ត៌មាន ថាមានករណី ភ្លើងឆេះផ្ទះនោះ គឺរថយន្តពន្លត់អគ្គីភ័យ របស់អធិការស្រុកប្រាសាទបល្ល័ង្គ ដែលបានត្រៀម២៤ម៉ោង លើ២៤ ម៉ោង មិនបានវិលកង់សូម្បីតែមួយចង្អាម ដើម្បីចេញទៅជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយបានអះអាងថា ទទួលបាន ព័ត៌មានយឺតយ៉ាវពេក ដោយមិនបានត្រៀមតៃកុង និងប្រេង  ចំណែកមូលហេតុ:បណ្តាលឲ្យឆេះ ផ្ទះនេះគឺត្រូវបានសមត្ថកិច្ច សន្និម៉ត់ថា មកពីភ្លើងធូបចង្រៃវាលួចដុត រួមជាមួយនឹងការធ្វេសប្រហែស ទើបអគ្គីភ័យលេបត្រប៉ាក់ទាំងស្រុង។

ដោយ ប៊ុន រដ្ឋា