ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយបានអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤ កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២០០នាក់ ដោយមានអាវុធគ្រប់ដៃ និងកិច្ចការធានាផ្សេងទៀត បានចេញយុទ្ធដំណើរទ័ព ពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមផែនការ ដែលបានដាក់ចេញ ក្នុងការហ្វឹកហ្វឺនយុទ្ធដំណើរ ដើម្បីពង្រឹងភាពប្រយុទ្ធ ក៏ដូចជាពង្រឹងសមត្ថភាព ហ្វឹកហ្វឺនរបស់កងកម្លាំង និងពង្រឹងកាយសម្បទារបស់កងកម្លាំង និងភាពរ៉ឹងមាំធានាបានការបំពេញភារកិច្ច ប៉េសសកម្មក្នុងកិច្ចការបម្រើជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា កងកម្លាំងទាំងអស់ បានយកចិត្តទុកដាក់ ក្នុងការធ្វើសកម្មភាពហ្វឹកហ្វឺន លំហាត់យុទ្ធដំណើរទ័ពបានល្អប្រសើរ ដោយបានដើរឆ្លងកាត់ភូមិសាស្រ្ត តំបន់ខ្ពង់រាប តំបន់វាល ទំនាប តំបន់ព្រៃរបោះ ព្រៃស្រោង ដើម្បីពិនិត្យគុណភាពប្រយុទ្ធការពារជាតិ ដោយការយុទ្ធដំណើរទ័ពនេះ បានចាប់ផ្តើមពីម៉ោង៦.១២នាទីព្រឹកថ្ងៃទី៩ ខែ មករា ឆ្នាំ ២០២០ តំណាងទ័ព២០០នាក់នេះ បានចេញដំណើរក្រោមការដឹកនាំបញ្ជា យុទ្ធដំណើរពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្តាំផ្ញើរ ដល់បងប្អូនធ្វើដំណើរតាមការហ្វឹកហ្វឺន តាមក្បួនមេរៀន និងត្រូវតែគោរវិន័យ ក្នុងការធ្វើដំណើរឲ្យបានត្រឹមត្រូវ ពិសេសក្នុងពេលធ្វើដំណើរឆ្លងកាតតំបន់ភូមិសាស្រ្តប្រជាជន មិនត្រូវប៉ះពាល់ផលប្រយោជន៍ និងទឹកចិត្ត និងសតិអារម្មណ៍របស់ប្រជាជនជាដាច់ខាត ពេលស្នាក់នៅកងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រៀបចំកម្លាំងអាវុធគ្រាប់ឲ្យបានច្បាស់លាស់តាមកងឯកភាពនីមួយៗ ។
ការយុទ្ធដំណើរទ័ព ត្រូវបានដើរក្នុងចម្ងាយផ្លូវ៣០គ.ម ក្នុងរយះពេល២យប់៣ថ្ងៃ ដោយឆ្លងកាត់ស្រុកកំពង់ ស្វាយ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ការយុទ្ធដំណើរត្រូវបានបិទបញ្ចប់នៅពេលព្រឹក ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២០ ដោយមានសកម្មភាពបើកឆាកប្រយុទ្ធ រវាងកងកម្លាំងយុទ្ធដំណើរជួបជាមួយនិង កម្លាំងខ្មាំងពួនស្ទាក់វាយកម្លាំងយុទ្ធដំណើររបស់បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះកម្លាំងយុទ្ធដំណើរ បានវាយសង្រ្គប់កំទេចកម្លាំងរបស់សត្រូវបានជោគជ័យ ។
ដោយ ប៊ុន រដ្ឋា





































