អដ្ឋិធាតុចំនួន១០របស់កងទ័ពស្ម័គ្រចិត្តវៀតណាមត្រូវបានធ្វើមាតុភូមិនិវត្តន៍ប្រទេសកំណើត

0

កំពង់ធំ៖ ពិធីប្រគល់ និងជូនដំណើរ អដ្ឋិធាតុចំនួន១០ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានធ្វើមាតុភូមិនិវត្តន៍ប្រទេសកំណើតវិញ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រតិភូមិកងទ័ពវៀតណាម រួមទាំងមេបញ្ជការរង នាយទាហាន លោកតា លោកយាយ ចូលរួមយ៉ាងច្រើនកុះករ នៅសាលប្រជុំបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

ពិធីប្រគល់អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រទេសកំណើត គឺត្រូវបាននិមន្តព្រះសង្ឃប្រារព្វពិធីសូត្រមន្តប័ង្គ្សកូល ឧទ្ទិសកុសល់ជូនដំណើរ ឲ្យទៅជួបជុំសាច់ញាតិបងប្អូន ដើម្បីធ្វើបុណ្យ តាមប្រពៃណី និងឲ្យចាប់ជាតិចាប់ភពសារជាថ្មី និងសូមបញ្ជាក់ផងដែរថា អដ្ឋិធាតុបានស្រាវជ្រាវជីករុករកយកបាននៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំចាប់ពីឆ្នាំ២០០៣ ដល់២០២០ សរុបបានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាម ចំនួន១,១២៥  ហើយក៏បានធ្វើមាតុភូមិនិវត្តន៍  ទៅកាន់ប្រទេសវៀតណាមវិញ   ។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មានប្រសាសន៍ ថ្លៃអំណរគុណអជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានសហការជាមួយនឹង កងកម្លាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយនិងកម្លាំង K72  ក្នុងការស្រាវជ្រាវពីកន្លែងកប់សាកសពអដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ចំណែកផលពិបាលដែល បានជួបប្រទះ គឺសាក្សីដែលស្គាល់កន្លែងកប់សាកសព កាលសម័យសង្រ្គាមជាង៤០ឆ្នាំមកនេះ មានអាយុ កាន់តែចំណាស់ ថែមទាំងភ្លេចវង្វេង ចំណែកមួយចំនួនទៀត អ្នកដែលបានស្គាល់បានទទួលមរណៈភាព ចំណែកផលពិបាលទី២ គឺពាក់ព័ន្ឋទៅនិងភូមិសាស្រ្តត្រូវបានអភិវឌ្ឍន៍ ពីទីតាំងព្រៃស្រោង មកជាចំការកៅស៊ូ ចំការស្វាយចន្ទី ដូចជាលំនៅដ្ឋាន ជាឃ្លាំង ជារោងចក្រជាដើម។

ឧត្តមសេនីយ៍ទោសោម ស៊ុន ថ្លែងបន្តថា បើទោះបីជាមានឧបស័គ្គបែបនេះក៏ដោយ ក៏ទិសដៅបន្តគឺនិងត្រូវជីករកអដ្ឋិធាតុចំនួន៧៦ទៀត នៅក្នុងខេត្តកំពង់ធំ បើយោងតាមការស្រាវជ្រាវពីអ្នកបច្ចេកទេស និងព័ត៌មាន សាក្សីដែលបានដឹងពីទីតាំងកបសាកសព ក្នុងនោះឯកឧត្តម សោម ស៊ុន បានសំណូមពរ ឲ្យបងប្អូនប្រជា ពលរដ្ឋ មេត្តាបន្តជួយសហការឲ្យបានល្អ ដើម្បីសម្រួលដល់ការងារ ក្រុមបច្ចេកទេសក្នុងការជីករុករកអដ្ឋិធាតុបន្ថែម នាំយកអដ្ឋិធាតុធ្វើមាតុភូមិនិវត្តន៍ប្រទេសកំណើតវិញ។

ដោយ ប៊ុន រដ្ឋា