សៀមរាប៖ នៅរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំរួមនឹងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ជិត៥០នាក់ បានវិលត្រឡប់មកដល់ខេត្តសៀមរាប វិញបន្ទាប់ពីបញ្ចប់ដំណើរកំសាន្តប្រចាំឆ្នាំរបស់ខ្លួន រយៈពេល ៣ថ្ងៃទៅកាន់ខេត្តកោះកុង ជាការទស្សនានូវ ទិដ្ឋភាពដ៏ស្រស់ត្រកាល និងកំសាន្តរមណីយដ្ឋាននានាលើទឹកដីនោះ ។
ដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុងចាប់ពីថ្ងៃទី១០ ដល់ ១២ ខែមករា ឆ្នាំ ២០២០ គឺដើម្បីលើកទឹកចិត្ត និងរឹតចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលរយ:កាលពេញមួយឆ្នាំកន្លងមក មន្ត្រីយើង បានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំដោយមិនគិត
ការនឿយហត់ពេលវេលាថា ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យដែលត្រូវសម្រាក គឺត្រូវបានបំពេញដោយការទទួលខុសត្រូវ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យជាដរាប ។
មួយវិញទៀត ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការសិក្សាស្វែងយល់ អំពីវិស័យព័ត៌មាន នៅក្នុងខេត្តកោះកុង ដែលជាខេត្តជាប់សមុទ្រ និងជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្លាស់ប្ដូរ នូវទស្សនយោបល់ និងបទពិសោធន៍ល្អៗ រវាងគ្នាទៅវិញទៅមក សម្រាប់ខេត្តទេសចរណ៍ដ៏មានសក្តានុពលទាំងពីរនេះ។
ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងអំណរគុណ
ដល់ ឯកឧត្ដម មុំ ម៉ាលីកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត
កោះកុង ឯកឧត្តម កែវ សេដ្ឋា ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងអនុប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកោះកុងទាំងអស់ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្របសម្រួលធ្វើឱ្យដំណើរសាន្តនេះ ប្រកបដោយភាពសប្បាយរីករាយ និងនិងលទ្ធផលផ្លែផ្កាជាទីបំផុត ។
គួរំលឹកថា មន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម លីវ សុខុន មន្ទីរបានរៀបចំដំណើរទស្សនកិច្ចកំសាន្តចំនួន០៣លើក ដោយកាលពីឆ្នាំ២០១៨ ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ឆ្នាំ២០១៩ ធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងឆ្នាំ២០២០នេះ ទៅកាន់ខេត្តកោះកុង ។
នៅក្នុងដំណើរកម្សាន្ត ទៅកាន់ខេត្តកោះកុងលើកនេះ ក្រុមក្រុមការងារយើងបានទៅដល់រមណីយដ្ឋាន បុរាណស្ថានប្រវត្តិសាស្រ្តមួយចំនួនដូចជា: ព្រៃកោងកាង ពាមក្រសោម, ឆ្នេរប៉ាក់ខ្លង, ចេតិយឃុនឆាងឃុនផែន, ច្រកចាំយាម ស្ទឹងតាតៃ និងទិដ្ឋភាពស្រស់ត្រកាលជាច្រើនទៀត ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប






































