អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាអោយរុះរើតូបនៅតាមបណ្តោយឆ្នេរអូរឈើទាល(ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរអូរត្រេះ ១និងអូរត្រេះ២ចេញទាំងអស់ដើម្បីរៀបចំកែលម្អអោយមានសោភណ្ឌភាពឡើងវិញសម្រាប់សាធារណៈជន/ភ្ញៀងទេសចរមកលំហែ

0

ខេត្តព្រះសីហនុ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងផែនការច្បាស់លាស់នៃរដ្ឋបាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឆ្នេរអូរឈើទាល(ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរអូរត្រេះ ១និងអូរត្រេះ២ដាច់ខាតត្រូវតែរំដោះយកមកវិញបន្ទាប់ពីឆ្នេរទាំងនេះត្រូវបានគេសង់តូបមិនរៀបរយលក់ដូរព្រោងព្រាតជាច្រើនឆ្នាំកន្លងមកនេះ ។ ក្រោមគម្រោងការរៀបចំឆ្នេរឡើងវិញតាំងពីដើមខែមករាឆ្នាំ២០២០មក តូបលក់ដូរនៅតាមបណ្តោយឆ្នេរទាំងនេះត្រូវបានរុះរើចេញជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នេរអូរឈើទាល (ចំណុចមុខអតីតឆ្នេរអារីស្តុន)ត្រូវបានរុះរើនិងសំអាតកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២០ដោយគ្មានអំពើហិង្សាកើតឡើងទេ។ចំណែកឆ្នេរអូរត្រេះ១និងឆ្នេរអូរត្រេះ២ ត្រូវបានរុះរើសំអាតនៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី ១៥ មករា២០២០ គណៈជាការឯកភាពក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់មាន អាវុធហត្ថ នគរបាល ប្រជាការពារ ចុះរុះរើតូបលក់ដូរតាមបណ្ដោយឆ្នេរអូរត្រេះ១ និងអូរត្រេះ២បន្ទាប់ពីបានចេញសេចក្តីជូនដំណឹងឲ្យពួកគាត់ធ្វើការរុះរើចេញដោយខ្លួនឯងក៏ប៉ុន្តែអាជីវករម្ចាស់តូបទាំងអស់នោះមិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ។ គ្រឿងចក្រអេស្កាវ៉ាទ័រ សាស័រ ព្រមទាំងរថយន្តដឹកជញ្ជូនផងត្រូវបានរៀបចំដើម្បីធ្វើការរុះរើ ឈូសឆាយ សំអាតនិងដឹងដឹកចេញពីឆ្នេរនេះ។ ទន្ទឹមនោះម្ចាស់តូបខ្លះក៏បានរៀបចំសម្ភារៈរបស់ខ្លួនដើម្បីរក្សាទុកប្រើប្រាស់ដែរ ម្ចាស់រូបខ្លះទៀតហាក់ធ្វើមិនខ្វល់ ដោយសារការខឹងនិងខកចិត្តចំពោះទង្វើវាយរុះរើកន្លែងធ្លាប់រកស៊ីចិញ្ចឹមជីវិតរបស់ពួកគេ ។

តាមការរកត់សំគាល់ខណៈពេលចុះរុះរើនេះផងដែរឃើញមានអាជីវករនិងក្រុមគ្រួសារដែលជាម្ចាស់តូបនៅទីនោះបានដាក់កង់ឡាននិងប្រេងសាំងបម្រុងដុតដើម្បីប្រឆាំងទប់ទល់នឹងការចុះមករុះរើពីសំណាក់អាជ្ញាធរខេត្តនិងអាជ្ញាធរក្រុងព្រះសីហនុផងដែរប៉ុន្តែត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបដកហូតមិនឲ្យពួកគាត់ធ្វើការរារាំង។
ពេលនេះដំណើរការរស់រើសបានចាប់ផ្ដើមដោយមានកងកំលាំងសមត្ថកិច្ចជាច្រើននៅការពារខ្លាចមានហេតុការណ៍អាក្រក់ណាមួយកើតឡើង។

គូរបញ្ជាក់ថាមុនឈានដល់មានការដាក់កំលាំងចុះរុះរើនេះ អាជ្ញាធរខេត្តព្រះសីហនុ បានជូនដំណឹងនិងរំលឹកជាបន្តបន្ទាប់អោយអ្នកលក់ដូរ និងអាស្រ័យផលលើឆ្នេរអូរឈើទាល (ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរ អូរត្រេះ ១និងអូរត្រេះ២ត្រូវ រុះរើ ចេញទាំងអស់ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបៀបរយនិងសោភណ្ឌភាពតាមឆ្នេរឡើងវិញតែម្ចាស់តូបទាំងនោះមិនត្រឹមតែមិនបានអនុវត្តតាមតែបែរជានាំគ្នាតវ៉ាជាបន្តបន្ទាប់តាំងពីថ្នាក់ខេត្តរហូតដល់ក្រសួងហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃបានចេញលខិតផ្ទេរករណីនេះ អោយរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យដោះស្រាយវិញ ។ តែទោះជាបែបនេះក្តីរដ្ឋបាលខេត្តព្រះសីហនុ នៅតែ្រកាន់ជំហរដាច់ខាតត្រូវតែរំដោះយកឆ្នេរទាំងនេះមកវិញក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនិងសោភណ្ឌភាពតាមឆ្នេរសម្រាប់សាធារណៈជននិងភ្ញៀវទេសចរជាតិ អន្តរជាតិមកលំហែយកខ្យល់អាកាសបរិសុទ្ធមាត់សមុទ្រ។

តាមរយៈផែនការរៀបចំឆ្នេរឡើងវិញត្រូវបានមជ្ឍដ្ឋានទូទៅសំដែងការគាំទ្រផងដែរខណៈម្ចាស់តូបបង្ហាញការមិនសប្បាយចិត្តព្រោះបាត់កន្លែងធ្លាប់ប្រកបរបររកស៊ីជាច្រើនឆ្នាំកន្លងមក៕

(ដោយ ៖សាវ៉ុន)