ខណ្ឌរដ្ឋបាលជលផល ចុះអប់រំណែនាំ និងបញ្ជ្រៀបដល់ប្រជានេសាទ ជនជាតិខ្មែរឥស្លាម អំពីការបង្កើតកន្លែងអភិរក្សជលផល នៅតំបន់ខាងលើអាងទឹកទំនប់វារីអគ្គីសនីសេសានក្រោម២ !!

0

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចេញសេចក្តីប្រកាស ស្តីពីការបង្កើតកន្លែងអភិរក្សជលផល នៅតំបន់ខាងលើអាងទឹកទំនប់វារីអគ្គីសនីសេសានក្រោម២កាលពីចុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ខណ្ឌរដ្ឋបាលជលផល ដឹកនាំដោយលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត ចូលរួមសម្របសម្រួលដោយ លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល រួមនិងអភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ និងមានការសហការពីអាជ្ញាធរមូលដ្ឋានផងដែរ ចុះទៅអប់រំណែនាំ និងផ្សព្វផ្សាយ ដល់ប្រជានេសាទជនជាតិខ្មែរឥស្លាមដែលកំពុងរស់នៅ និងប្រកបរបរនេសាទ នៅចំនុចស្រែពកចាស់ ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនៃអាងទឹកទំនប់វារីអគ្គីសនីសេសានក្រោម២ ក្នុងភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពាក់ព័ន្ធទៅនិងការនេសាទ ការប្រើឧបករណ៍នេសាទ ក៏ដូចជាត្រូវឲ្យមានការនេសាទក្នុងដែននេសាទដែលបានកំណត់ ដោយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ។

លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល មានប្រសាសន៍បញ្ជាក់ ប្រាប់បងប្អូនប្រជានេសាទនៅតំបន់នោះថា: រាជរដ្ឋាភិបាល បានផ្តួចផ្តើមគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាជាខ្មែរឥស្លាមនោះទេ ឲ្យតែនៅក្នុងប្រទេសកម្ពុជា គឺជាឈាមជ័រតែមួយដោយមិនប្រកាន់ពូជសាសន៍ឡើយ ។ ទន្ទឹមនិងការបង្កើតនូវកន្លែងអភិរក្សធនធានជលផលនេះ រាជរដ្ឋាភិបាលបានគិតគូររួចជាស្រេចហើយថា បើសិនជារដ្ឋបាលជលផល បណ្តែតបណ្តោយឲ្យមានការនេសាទយ៉ាងអណាធិបតេយ្យមិនយូរនិងឆាប់ គឺគង់តែបាត់បង់អស់ទាំងស្រុង នូវធនធានជលផលក្នុងខេត្តស្ទឹងត្រែងនេះ គួររួមគ្នាថែរក្សាត្រីឲ្យបាននៅគង់វង្ស ហើយនាំគ្នាការពារ និងថែរក្សាកន្លែងអភិរក្សធនធានជលផលឲ្យមាននិរន្តរភាព និងដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ី ងាយស្រួលឲ្យធនធានជលផលមានលំនឹង រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនដែលរស់នៅតំបន់នេះ ។

លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានលើកឡើងថា:ការការពារនិងអភិរក្ស ធនធានជលផលនេះ គឺដើម្បីបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាត្រី ទាំងអស់គ្នាដែលមាននៅក្នុងទឹកក្នុងទំហំផ្ទៃទឹកចំនួន៣៦០០០ហិកតា ហើយក្នុងចំនួនជាង៦០០០ហិកតា គឺត្រូវអភិរក្សទុក ដើម្បីឲ្យត្រីគ្រប់ប្រភេទ ក៏ដូចជាពពួកត្រីមេពូជបានបង្កាត់ និងបន្តពូជ ហើយ៣ម៉ឺនហិកតាទៀតគឺទុកជូនបងប្អូនធ្វើការនេសាទធម្មតាតាមលក្ខណ:គ្រួសារ ។ លោកបន្តថា:ដើម្បីកុំឲ្យមានបញ្ហាប្រឈម និងផ្លូវច្បាប់កើតឡើង សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារ វានឹងផ្តល់ផលដល់បងប្អូននៅពេលក្រោយ យើងត្រូវមានកាតព្វកិច្ចថែរក្សាទាំងអស់គ្នា ។

លោក ហ៊ីម យ៉េប មានតួនាទីជាអ៊ីម៉ាំសាសនាឥស្លាម ប្រចាំខេត្តស្ទឹងត្រែង បានគាំទ្រនូវការបង្កើតកន្លែងអភិរក្សជលផលនេះ និងបានសំណូមពរក៏ដូចជាជម្រុញឲ្យបងប្អូនខ្មែរឥស្លាមទាំងអស់ ដែលរស់នៅក្នុងភូមិសាស្រ្តនេះ ត្រូវគោរពអាជ្ញាធរដែនដី ចាត់ទុកដូចជាឪពុកម្តាយ បើយើងរស់នៅក្នុងមូលដ្ឋានណា គឺត្រូវគោរពអនុវត្តតាមច្បាប់ទម្លាប់នៅទីនោះ ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន មានប្រសាសន៍ជម្រុញបន្ថែមថា:បើសិនបងប្អូនខ្មែរឥស្លាមទាំងអស់ តាំងចិត្តថាមករស់នៅជាមួយគ្នានៅទីនេះ អញ្ចឹងបងប្អូនត្រូវតែចាប់ដៃគ្នា ស្រលាញ់រាប់អានគ្នា គោរពច្បាប់ទាំងអស់គ្នា ។ ក្នុងនាមលោកជាមន្រ្តីអនុវត្តច្បាប់ ការពារមិនឲ្យមានការអនុវត្តលើសច្បាប់ ហើយបងប្អូនទាំងអស់មានតួនាទី ត្រូវគោរពតាមច្បាប់ ៕

ដោយ:ម៉ាវិន